បណ្តាញសង្គម

នគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនដៃដល់ ដែលកាប់សម្លាប់យុវជនម្នាក់ ត្រឡប់មកពីមើលល្ខោន បានហើយ

កំពង់ឆ្នាំង៖ នៅថ្ងៃទី ៥ វិច្ឆិកា ២០២៣ នេះ នគបាលខេត្តកំពង់ឆ្នាំង សហការជាមួយនគបាលស្រុករលាប្អៀរ និងនគរបាលមូលដ្ឋាន បានឃាត់ខ្លួន ជនសង្ស័យ ជាឃាតករ ដែលបានកាប់យុវជនម្នាក់ឱ្យស្លាប់ ក្រោយពីយុវជនរងគ្រោះ បានវិលត្រឡប់មកពីមើលល្ខោនវិញ ។

សមត្ថកិច្ចនគបាលមូលដ្ឋាន បានឱ្យដឹងថា នៅម៉ោងប្រមាណ ១០និង១៥នាទី យប់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យុវជនម្នាក់ ត្រូវជនមិនស្គាល់មុខ លួចកាប់ នៅពេលដែលត្រឡប់មកពីមើលល្ខោន នៅវត្តថ្មកែវ ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ តែជាអកុសល បានស្លាប់ បន្ទាប់ពីបានបញ្ជូនទៅព្យាបាលបានមួយយប់ ដោយសាររបួសធ្ងន់ធ្ងរពេក។ សមត្ថកិច្ចនគបាលមូលដ្ឋានដដែល បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សុន ខាត់ អាយុ ១៨ ឆ្នាំ មានទីលំនៅ នៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដោយឡែក ជនសង្ស័យដៃដល់ ជាឃាតករ ត្រូវសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយនគបាលស្រុក និងប៉ុស្ដិ៍រដ្ឋបាល ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានហើយ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យ បានរត់គេចខ្លួនបានត្រឹមតែមួយថ្ងៃ។ បើយោងតាមប្រភពពីសម្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ក្នុងករណីឃាតកម្មខាងលើនេះមានឈ្មោះ សុវណ្ណ ដែន អាយុ ១៨ ឆ្នាំ រស់នៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុរលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប្រភពដដែក បានឱ្យដឹងថា ជនសង្ស័យ បានសារភាពថា ជារឿងគំនុំ រវាងក្រុមរបស់ខ្លួន និងក្រុមជនរងគ្រោះ ទើបឈានដល់ករណីកាប់ សម្លាប់ យ៉ាងសាហាវបែបនេះ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនបញ្ជូនមក ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកបក្ខពួកជនដៃដល់ ដែលឌុបជនសង្ស័យកាប់ទៅលើជនរងគ្រោះ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោស តាមនីតិវិធី ៕

ដកស្រង់ពី៖រស្មីកម្ពុជា