បណ្តាញសង្គម

ចុះបង្ក្រាប និងបិទទីតាំងខារ៉ាអូខេ យីហោ SKY KTV នៅក្រុងប៉ោយប៉ែត នគរបាល ឃាត់ខ្លួនមនុស្ស ប្រុសស្រី ១០៧ នាក់

បន្ទាយមានជ័យៈ មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានបង្ហើបឱ្យដឹង កាលថ្ងៃទី ៦ ខែវិច្ឆិកាថា លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ១១និង៥០នាទី យប់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងបើកប្រតិបត្តិការ ឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយ កន្លែង យីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធនឹងករណីលក់ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។

មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា នោះជាការអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងក៏មានការសម្របសម្រួលនីតិវិធី ពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ជាលទ្ធផល នគរបាល បានឃាត់ខ្លួន ជនសង្ស័យ ចំនួន ១០៧ នាក់ ស្រី ៤០ នាក់ ក្នុងនោះ ជនបរទេស ចំនួន ៤២ នាក់ (ស្រី ៧នាក់) រួមមាន ឥណ្ឌូណេស៊ី ២១ នាក់ ស្រី ១នាក់ វៀតណាម ១៥ នាក់ ស្រី ២ នាក់ ចិន ៣ នាក់ ស្រី ១ នាក់ ថៃ ៣ នាក់ ស្រី ៣ នាក់ ។

ក្រៅពីនេះ សមត្ថកិច្ច ដកហូតបានម្សៅម៉ត់ សថ្លា ៦ កូនថង់ និង ១កូនថង់តូច ថ្នាំកញ្ចប់ ពណ៌ក្រហម (រូបសេះ) ១កញ្ចប់, ថ្នាំពណ៌ក្រហម (រូបទំពាំងបាយជូរ) ១កញ្ចប់, ថ្នាំពណ៌លឿង ១០ កញ្ចប់, ថ្នាំពណ៌ទឹកក្រូច ១កញ្ចប់ និងកញ្ចប់ថ្នាំ ពណ៌ក្រហម អក្សរ (LV) ១កញ្ចប់។ គិតត្រឹមថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីតាំងខារ៉ាអូខេ SKY KTV ត្រូវបានបិទ ជាបណ្តោះអាសន្ន។ រីឯជនសង្ស័យទាំងអស់ ត្រូវបាននគរបាល ឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្ត តាមនីតិវិធី ៕

ដកស្រង់ពី៖រស្មីកម្ពុជា