បណ្តាញសង្គម

បុរសម្នាក់​ដើរ​ចេញពី​ធ្វើការ​​ ត្រូវ​ជនមិនស្គាល់មុខបា.ញ់ប្រហារ ផ្អើល​មុខ​ផ្សារ​ទឹក​ពុះ ក្រុងប៉ោយ​ប៉ែត​

ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនជាតិថៃម្នាក់ត្រូវបានជនមិនស្គាល់មុខបា.ញ់ប្រហារចំនួន៣គ្រាប់បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាទៀបភ្លឺចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខផ្សារទឹកពុះបរិវេណកាស៊ីណូ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ សារិន ស៊ីឡាប៊ី ភេទប្រុស អាយុ៣១ឆ្នាំ (ជាបុគ្គលិកកាស៊ីណូ) ស្នាក់នៅក្រុងប៉ោយប៉ែត ។ សាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងថា នៅពេលជនរងគ្រោះដើរចេញពីធ្វើការនៅមុខផ្សារទឹកពុះ ក្នុងបរិវេណកាស៊ីណូ បម្រុងចេញទៅកន្លែងស្នាក់នៅ ស្រាប់តែមានជនមិនស្គាល់មុខបានជិះម៉ូតូ១គ្រឿង បានឈប់ស្ទាក់ពីមុខជនរងគ្រោះ និងបានបាញ់ប្រហារទៅលើជនរងគ្រោះត្រូវចំនួន៣គ្រាប់ ក្នុងនោះ១គ្រាប់ចំជើងស្តាំ, ១គ្រាប់ចំទ្រូង និង១គ្រាប់ចំពោះធ្លាយ បណ្តាលឱ្យជនរងគ្រោះដួលសន្លប់ស្តូកស្តឹង។

ក្រោយពេលកើតហេតុភ្លាមៗ ត្រូវបានសមត្តកិច្ចចុះជួយអន្តរាគមន៍ ចំណែកជនដៃដល់បានគេចខ្លួនបាត់ ហើយជនរងគ្រោះត្រូវដឹកទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់នៅប្រទេសថៃ។ សមត្តកិច្ចបានបញ្ជាក់ថា ករណីជនមិនស្គាល់មុខបា.ញ់ប្រហាទៅលើជនរងគ្រោះ អាចជាករណីជម្លោះពាក្យសំដី ទើបឈានទៅដល់បា.ញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ និងរកចាប់ខ្លួនជនដៃដល់ ដើម្បីយកចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព