បណ្តាញសង្គម

បង្ហាញមុខ​ឈ្មួញ​គ្រឿ.ង.ញៀ.នជា​ជនជាតិ​ថៃ​២ នាក់ និងឡាវ​ម្នាក់​

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលមានជនជាតិថៃ២នាក់ និងឡាវម្នាក់ ជាមួយថ្នាំញៀនជាង១០០គីឡូក្រាម ។

ការបង្ហាញមុខឈ្មួញគ្រឿងញៀន៣នាក់នោះ ធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមន្ត្រីជំនាញពាក់ពន្ធក្នុងការចុះបង្ក្រាប ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿង ញៀន ដែលមានរូបលោកផ្ទាល់ដឹកនាំប្រតិបត្តនោះ ក្រោមការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

លោកនាយកមន្ទីរឲ្យដឹងទៀតថា នៅថ្ងៃទី៩ ខែវិច្ឆឹកា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលជំនាញការិយាល័យទី៤(ក៤) (ក៧) និង (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលួចឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនមួយករណី នៅចំណុចក្នុងផ្ទះលេខ៣០៤ ផ្លូវលំស្ថិតក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់រួមមាន ៖ ១.ឈ្មោះ Cheng veut ភេទប្រុស អាយុ៣៥ ឆ្នាំ ជាជនជាតិ ឡាវ ២.ឈ្មោះ Wasin Saekue ភេទប្រុស អាយុ២៤ ឆ្នាំ ជាជនជាតិថៃ និង៣.ឈ្មោះ Saeli Chinnawat ភេទប្រុស អាយុ១៨ ឆ្នាំ ជាជនជាតិថៃ ។

វត្ថុតាងចាប់យកសារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន(ICE)ចំនួន១០១កញ្ចប់ ស្មើទម្ងន់១០១ គីឡូ ៤៤៩.២០ក្រាម ។ ក្រោយបង្ហាញមុខជន សង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព