បណ្តាញសង្គម

បញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត ក្រោយ​លួ​.​ច​ម៉ូតូ​ទុក​នៅ​មុខ​បន្ទប់​ជួល​ជន​រង​គ្រោះ

ខេត្តបន្ទាយមានជ័យ ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើមវិញហើយ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងដឹងថា នៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡាយ ឆៃលី ភេទប្រុស អាយុ៤៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួ.ចម៉ូតូ ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចស្តារហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងបយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបន្តថា លោកបានដឹកនាំបញ្ជាឱ្យកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ខាត់ សុខម៉ែន ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ គ្មានផ្លាកលេខ ដែលជនសង្ស័យលួ.ចរបស់ជនរងគ្រោះខាងលើ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យ ក្រោយពីកម្លាំងជំនាញសួរនាំរួច ក៏បានឆ្លើយសារភាពថា «រូបខ្លួនពិតជាបានលួ.ចម៉ូតូរបស់ជនរងគ្រោះខាងលើ ដែលទុកនៅមុខបន្ទប់ជួលពិតប្រាកដមែន»៕

ដកស្រង់ពី៖កោះសន្តិភាព