បណ្តាញសង្គម

២​ស​ប្ដា​ហ៍​ដើមឆ្នាំ​ថ្មី សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យជិត៧០០​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន​ទូ​ទាំង​ប្រទេស

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ក្នុងរយៈពេល២សប្ដាហ៍ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំថ្មីនេះ យ៉ាងហោចណាស់មានជនសង្ស័យ ៦៨២នាក់ ត្រូវបានឃាត់ខ្លួន លើបទល្មើសគ្រឿងញៀន (ធន់មធ្យម) សរុប២៩០ករណី នៅទូទាំងប្រទេស ។

អ្នកនាំពាក្យរង បានលើកឡើងថា តួលេខនេះ គឺជាលទ្ធផលទូទាំងប្រទេស ដែលសមត្ថកិច្ចគ្រប់ផ្នែកសំខាន់ៗ នៃក្រសួងមហាផ្ទៃរបស់ បានប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ ស្របតាមនីតិវិធី ដែលកំណត់ដោយច្បាប់ និងមានការចូលរួមផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ ។

អ្នកនាំពាក្យរងរូបនេះ បានបង្ហើបបន្ថែមទៀតថា ជនសង្ស័យទាំង ៦៨២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយធនល្មម ខណៈសមត្ថកិច្ច ក៏បានចាត់ការលើករណីជួយដូរទ្រង់ទ្រាយធំមួយករណីផងដែរ នៅថ្ងៃទី៨ ខែមករា ។ ករណីទ្រង់ទ្រាយធំនេះ កើតឡើងនៅច្រករបៀងអូរតាលឹម ក្នុងភូមិសាស្ត្រ ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ព្រំប្រទល់ខេត្តស្ទឹងត្រែង និងព្រះវិហារ ដោយចាប់យកវត្ថុតាងមានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ១៦០កញ្ចប់ ទម្ងន់ ១៥៩គីឡូ ក្រាម និង ៤៤៩.៨៦ក្រាម និងគោយន្តកន្ត្រៃ ០១គ្រឿង ខណៈជនសង្ស័យ ០២រូប ភេទប្រុសរត់គេចខ្លួនពេលសមត្ថកិច្ចចុះបង្ក្រាប ។

លទ្ធផល នៃការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះដែរ គឺជាការបង្ហាញកិច្ចខិតខំប្រឹងប្រែងទ្វេដង អនុវត្តតួនាទីភារកិច្ច បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ពីសំណាក់អគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ហើយការអនុវត្តនេះ គឺជាទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិ ភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រ សួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តួនាទីនេះ។ ទិសដៅអាទិភាពទាំង៦នោះ រួមមាន បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើត ឡើងតាមបណ្ដាព្រំដែនកម្ពុជា ៕

 

ដកស្រង់ពី៖កោះសន្តិភាព