បណ្តាញសង្គម

ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​សណ្ឋាគារ “​ថៃ អាង​” ឃាត់ខ្លួនភ្ញៀវ​ប្រុស​ស្រី ១១​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន នៅ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានធ្វើប្រតិបត្តិការ ចុះធ្វើរដ្ឋបាលតាមសណ្ឋាគារ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន បានចំនួន១១នាក់ (ស្រី០៣នាក់) និងសម្ភារៈផ្សេងៗមួយចំនួន នៅក្រុងបាវិត ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ក្នុងការប្រតិបត្តិការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះធ្វើរដ្ឋបាលនៅសណ្ឋាគារ ថៃ អាង ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានណែនាំឲ្យម្ចាស់អាជីវកម្មត្រូវពង្រឹងការបង្ការ និងសហការជាមួយសមត្ថកិច្ច ដើម្បីសុវត្ថិភាព ទីតាំងរបស់ខ្លួនពីករណីគ្រឿងញៀន ។

លោក តូច ប៉ូលីវ៉ា បានលើកឡើងថា គោលការណ៍ណែនាំលេខ០០២ បានចង្អុល និងបង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅសង្ស័យនានា អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គ្មានគ្រឿងញៀន សំដៅកាត់បន្ថយ និងលុបបំបាត់សកម្មភាពលូចលាក់កែច្នៃសារធាតុគីមីផ្សំ ការចរាចរប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ នៅតាមមូលដ្ឋាន ដែលធ្វើសកម្មភាពចរាចរទំនិញចេញចូលឆ្លងកាត់នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តស្វាយរៀង ។ អភិបាលរងខេត្តស្វាយរៀង បន្ថែមថា ការធ្វើរដ្ឋបាលនៅសណ្ឋាគារ ថៃ អាន នោះកម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យ និងបានរកឃើញ វិជ្ជមាន ទាំង១១នាក់ (ស្រី២នាក់ ក្នុងចំណោម១១នាក់នេះ) មានម្នាក់បានរក្សាទុកនៅកញ្ចប់ម្ស៉ៅស ចំនួន២កញ្ចប់តូច ។

ក្រោយពីបានធ្វើតេស្តរួច កម្លាំងជំនាញបានកសាងកំណត់ហេតុ និងបញ្ជូនជនសង្ស័យមកសាកសួរព័ត៌មានបន្ត ព្រមទាំងបានអនុវត្តនីតិវិធី ។ ទីតាំងដែលមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ រួមមាន ៖ ពុំមានសៀវភៅកត់ត្រាឈ្មោះភ្ញៀវ ចេញចូលស្នាក់នៅ ការថតចម្លងឯកសារលិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ ពុំមានការបិទស្កាត់ហាមឃាត់ ការប្រើប្រាស់គ្រឿងញៀន និងបំរាមផ្សេងៗចាំបាច់មួយចំនួនទៀត ។

ក្នុងនាមតំណាងឲ្យអភិបាលខេត្ត ប្រធានគណ:បញ្ជាឯកភាពខេត្ត និងជាប្រធានគណកម្មាធិកាត្រូតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា បានអំពាវនាវដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ សប្បាយដ្ឋានទាំងអស់ ត្រូវពង្រឹងការបង្ការ និងសហការជាមួយសមត្ថកិច្ច ដើម្បីសុវត្ថិភាពទីតាំងអាជីវកម្មរបស់ខ្លួនពីករណីគ្រឿងញៀន ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីសាកសួររួចមក ជនសង្ស័យទាំង១១នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី ៕

 

ដកស្រង់ពី៖កោះសន្តិភាព