បណ្តាញសង្គម

សូម​ប្រុង​ប្រយ័ត្ន​! ថ្មី​ៗ​នេះ​មាន​ករណី​ឆបោក​ក្រោម​រូបភាព “​ប្រាក់​កម្ចី​អន​ឡាញ​”

រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង អោយមានការប្រុងប្រយ័ត្ន! ករណីឆបោកក្រោមរូបភាព “ប្រាក់-កម្ចីអនឡាញ” ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា ថ្មីៗនេះ មានជនខិលខូចមួយចំនួន បានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ “ក្រោមរូបភាពការផ្តល់កម្ចីប្រាក់តាមអនឡាញ” ដែលមានល្ខណៈងាយស្រួលខ្ចី ដើម្បីទាក់ទាញអោយបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកចាប់អារម្មណ៍ និងធ្វើការស្នើសុំខ្ចីលុយពីគណនីហ្វេសបុកក្លែងក្លាយទាំងនោះ។

ក្រោយមកពួកវាធ្វើជាយល់ព្រមផ្តល់ប្រាក់កម្ចីតាមការស្នើសុំរបស់យើង ដោយតម្រូវឱ្យយើងថតឯកសារមួយចំនួន ដូចជាអត្តសញ្ញាណរបស់ខ្លួន និងតម្រូវឱ្យយើងវេរលុយទៅឱ្យពួកវាជាថ្លៃសេវាផ្សេងៗ ជាច្រើនលើកច្រើនសារ តែទីបំផុតប្រាក់កម្ចីក៍មិនបាន ថែមទាំងបាត់បង់លុយ ដែលបានវេរទៅអោយពួកវាថែមទៀត ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានបញ្ជាក់ថា អ្នកមានតម្រូវការប្រាក់កម្ចី ជាពិសេសតាមរយៈអនទ្បាញ សូមមានការប្រុងប្រយ័ត្ន និងពិនិត្យអោយបានល្អិតល្អន់ មុននឹងសម្រេចចិត្ត ក្នុងការស្នើសុំកម្ចីពីស្ថាប័នណាមួយ ។

ជាមួយគ្នានេះដែរ នាយកដ្ឋានព័ត៌មានវិទ្យា ធ្វើការចែករំលែក នូវហានិភ័យមួយចំនួន ដែលអ្នកអាចនឹងទទួលរងគ្រោះពីកម្ចីអនឡាញខុសច្បាប់ ដូចខាងក្រោម ៖ ១- ជនខិលខូច អាចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ ដើម្បីធ្វើការលួចចូលគណនីអ៊ីនធឺណិតរបស់អ្នក (តាមរយៈស្នើសុំផ្លាស់ប្តូរលេខសម្ងាត់) ២- ជនខិលខូច អាចប្រើប្រាស់លេខទូរសព្ទ ក្នុងការផ្លាស់ប្តូរលេខសម្ងាត់ និងបញ្ឆោតអ្នក ដើម្បីទទួលបានលេខកូដ (PIN) និងធ្វើការគ្រប់គ្រងគណនីអ៊ីនធឺណិតរបស់អ្នក ៣- ជនខិលខូចអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណ និងលេខទូរសព្ទរបស់អ្នក ដើម្បីស្នើសុំកម្ចីពីភាគីទី៣ ៤-កម្ចីខុសច្បាប់មួយចំនួន នឹងផ្តល់បន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយសារការប្រាក់ដ៏ច្រើនលើសលប់ និងអាចធ្វើឲ្យអ្នកធ្លាក់ក្នុងបញ្ហាជំងឺផ្លូវចិត្ត ៥- ជនខិលខូច អាចនឹងបង្ហោះព័ត៌មានរបស់អ្នកជាសាធារណៈ ក្នុងគោលបំណងបង្ខូចកិត្តិយស។ ជាថ្មីម្តងទៀត ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកបងប្អូនពលរដ្ឋ មេត្តាប្រុងប្រយ័ត្នអំពីព័ត៌មានបុគ្គល តួរយ៉ាងអត្តសញ្ញាណប័ណ្ណ កាតធនាគារ លេខទូរសព្ទ អាសយដ្ឋានស្នាក់នៅ ។ល៕

ដកស្រង់ពី៖កោះសន្តិភាព