បណ្តាញសង្គម

គាស់​ទូ​មាស យក​ចិ​ញ្ជៀ​ន​ប្លា​ទី​ន​ទៅ​លក់ នគរបាល​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​ចាប់​ទាំង​អ្នក​លួច និង​អ្នកទិញ

រាជធានីផ្នំពេញ ៖ រយៈពេល២ថ្ងៃ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគាស់ទូមាសលួចទ្រព្យសម្បត្តិយកទៅលក់ និងអ្នកទទួលផលចោរកម្ម ។

មន្ត្រីនគរបាលខណ្ឌច្បារអំពៅ បានអោយដឹងថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញឃាត់ខ្លួនឈ្មោះ ប្រាក់ ពៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះB៥ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជនដៃដល់) ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះB៤ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ដកហូតវត្ថុតាង ៖ ចិញ្ចៀនប្លាទីន (ទឹក៤) ដាំត្បូង ពណ៌ស ចំនួន ៥វង់ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចជំនាញបន្តស្រាវជ្រាវរហូតដល់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ី ផល្លា ភេទស្រី ជនជាតិខ្មែរ មុខរបរលក់គ្រឿងអល័ង្ការ ស្នាក់នៅផ្ទះលេខ២៩៤ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទទទួលផលចោរកម្ម ។ វត្ថុតាងដកហូត៖ ចិញ្ជៀនប្លាទីន (ទឹក៣) មានដាំត្បូង ពណ៌ស ចំនួន ៥៣វង្ស។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព