បណ្តាញសង្គម

ក្រុម​ចោរ​​គា.ស់​ផ្ទះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃ​វែង ប្រមូល​យក​ទ្រព្យសម្បត្តិ​​សរុប​ជាង២ម៉ឺន​ដុល្លារ

ខេត្តព្រៃវែង ៖ សម្ភារៈប្រើប្រាស់ជាច្រើនដែលរួមមានទាំងតុទូគ្រែសំលៀកបំពាក់ និងគ្រឿងលម្អជាច្រើនទៀត នៅក្នុងផ្ទះរបស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង ត្រូវបានក្រុមចោរនាំគ្នាប្រមូលយកទៅអស់គ្មានសល់ ដោយសារតែម្ចាស់ផ្ទះមិននៅ ចាក់សោរផ្ទះចោលយូរខែឆ្នាំ។

ផ្ទះដែលត្រូវក្រុមចោរលួចចូលគាស់ទម្លាយប្រមូលយកទ្រព្យសម្បត្តិអស់នេះ មានទីតាំងស្ថិតនៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង មានម្ចាស់ផ្ទះឈ្មោះ អ៊ុកសំណាង ភេទប្រុស អាយុ 55 ឆ្នាំ ជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តព្រៃវែង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សកម្ម ភាពដែលក្រុមចោរ ចូលគាស់ទម្លោះទម្លាយផ្ទះខាងលើ ប្រមូលយកទ្រព្យសម្បត្តិនេះ គឺគ្មានអ្នកណាបានដឹង ថាកើតឡើងតាំងពីពេលណានោះទេ គឺរហូតទាល់តែមកដល់ថ្ងៃទី 16 មករា 2024 ពេលដែលលោក អ៊ុក សំណាង ជាម្ចាស់ផ្ទះបានត្រឡប់មកមើលផ្ទះ ឃើញផ្ទះត្រូវគេគាស់ទម្លោះទម្លាយបើកទ្វារចំហរចោល ហើយរបស់ទ្រព្យក្នុងផ្ទះទាំងអស់បាត់អស់គ្មានសល់ ទើបផ្អើលឆោឡោ និងប្តឹងសមត្ថកិច្ចឲ្យចុះពិនិត្យនិងស្រាវជ្រាវភ្លាមៗតែម្ដង។ ប្រភពដដែលនេះបានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលបាត់បង់ភាគច្រើន គឺជាប្រភេទគ្រឿងឈើ ដែលរួមមានដូចជាតុបាយ ទូសំលៀកបំពាក់ គ្រែសាឡុង និងគ្រឿងសង្ហារឹម ដែលមានចំនួនច្រើន។ដូច្នេះគេសន្និដ្ឋានថា ក្រុមចោរធ្វើសកម្មភាពចូលប្រមូលយកទ្រព្យសម្បត្តិទាំងនេះ មិនមែនតែមួយលើកនោះទេ គឺអាចធ្វើច្រើនលើក ដឹកជញ្ជូនទ្រង់ទ្រាយធំ និងមានគ្នាច្រើនថែមទៀតផង ប៉ុន្តែទំនងជាធ្វើឡើងនៅពេលយប់ជ្រៅ ទើបគ្មាននរណាដឹង ៕

ដកស្រង់ពី៖កោះសន្តិភាព