បណ្តាញសង្គម

​បុរសម្នាក់​​ប្រើល្បិ.ច​កាន់​ចេក​១​ស្និត​ចូលគ្លីនិក ធ្វើជា​​ទៅ​សួរសុខទុក្ខ​អ្នក​ជំងឺ​ រួច​លួ.ច​ម៉ូតូ​គ្រូពេទ្យ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានប្រើល្បិចកាន់ចេកអំបូង១ស្និតចូលទៅសួរសុខទុក្ខអ្នកជម្ងឺនៅបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺមួយកន្លែង បន្ទាប់មកបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ១គ្រឿង ហើយព្យាយាមជិះគេចខ្លួន។ ប៉ុន្តែត្រូវម្ចាស់ម៉ូតូជាគ្រូពេទ្យឃើញទាន់ ក៏បានស្រែកឆោឡោនិងដេញចាប់ ក អាវបានហើយប៉ុន្តែរបូតវិញ បន្ទាប់មកជននោះបានរត់គេចខ្លួនបន្តទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមក្របួចបានភ្លាមៗ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ យីហោ«មុទិតា» ស្ថិតនៅក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើបានធ្វើសកម្មភាពកាច់សោកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1IS-6201 ដែលជាកម្មសិទ្ធិរបស់គ្រូពេទ្យម្នាក់ខាងលើនោះ ហើយមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានកាន់ចែកអំបូង១ស្និត ដើរចូលទៅកាន់គ្លីនិកខាងលើ ប្រើល្បិ.ចធ្វើជាទៅសួរសុខទុក្ខអ្នកជម្ងឺ លុះពេលទៅដល់ ខណៈដែលគ្រូពេទ្យភ្លេចខ្លួន ជននោះក៏បានធ្វើសកម្មភាពកាច់សោកម៉ូតូ ជិះគេចខ្លួន។ ប៉ុន្តែភ្លាមៗនោះម្ចាស់ឃើញទាន់ក៏រត់ទៅចាប់កអាវ ហើយជននោះបានផ្ដួលម៉ូតូនិងរើបម្រាស់រួចហើយបានរត់គេចខ្លួន និងត្រូវបានម្ចាស់ម៉ូតូរួមជាមួយប្រជាពលរដ្ឋដេញតាម រហូតដល់ភូមិឃ្លះសណ្ដាយ ទើបចាប់បានប្រគល់ឲ្យនគរបាលសាកសួរនិងចាត់ការតាមច្បាប់តែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព