បណ្តាញសង្គម

មន្ត្រី​ជំនាញ​រក​ឃើញ«បង្គា»ចាក់​ចាហួយ​ជិត​១០​គីឡូក្រាម នៅ​ទីតាំង​លក់​គ្រឿង​សមុទ្រ ផ្លូវ​ត្រឡោក​បែក

រាជធានីភ្នំពេញ ៖ ទីតាំងលក់គ្រឿងសមុទ្រ នៅ(ផ្លូវត្រឡោកបែក) ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានមន្ត្រីជំនាញ ឆ្មក់បង្ក្រាបជាច្រើនលើកច្រើនសារមកហើយ ដោយបានធ្វើការពិន័យ និងណែនាំដល់ម្ចាស់អាជីវកម្មឲ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់តទៅទៀត ប៉ុន្តែពុំដូច្នោះឡើយ នៅពេលមន្ត្រីជំនាញ ចុះប្រតិបត្តិការត្រួតពិនិត្យម្តងណា តែងតែរកឃើញសារធាតុហាមឃាត់ ឃាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ មន្ត្រីនៃសាខា ក.ប.ប. រកឃើញ«បង្គា»មានចាក់ចាហួយ ចំនួន៩.៥គីឡូក្រាម ដោយបានដកហូតភ្លាមៗ និងចាត់វិធានការចំពោះម្ចាស់ទំនិញ ។

យោងតាមមន្ត្រីនៃសាខា ក.ប.ប. រាជធានីភ្នំពេញ បានអោយដឹងថា ក្រោមកិច្ចសហការជាមួយមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសមុទ្រ នៅលើផ្លូវត្រឡោកបែក សរុបចំនួន៩ទីតាំង ដោយបានដកយកគំរូសំណាក ចំនួន ២២គំរូ រួមមានមឹក បង្គា ក្តាម បង្កង ត្រីសមុទ្រ ។ល។

មកធ្វើតេស្ត និងវិភាគនៅក្នុងរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីពិនិត្យនិងការពារក្រែងមានការដាក់លាយសារធាតុគីមីហាមឃាត់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ មន្ត្រីនៃសាខា ក.ប.ប. រាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ថា ជាលទ្ធផល ក្រោយការពិនិត្យយ៉ាងហ្មត់ច៉ត់ មន្ត្រីយើងបានរកឃើញ «បង្គា» មានចាក់ចាហួយ ចំនួន៩.៥គីឡូក្រាម ដោយបានដកហូតភ្លាមៗ រួមទាំងចាត់វិធានការចំពោះម្ចាស់ទំនិញតាមនីតិវិធីផងដែរ ។ គួរជម្រាបដែរថា កាលពីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. បានរក ឃើញថាបង្គា និងបង្កងទឹកសាប ចំនួន៥០.៥០គីឡូក្រាម មានចាក់បញ្ចូលសារធាតុចាហួយ ដើម្បីកេងប្រវ័ញ្ចលើ ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។

ក្រោយពីបានត្រួតពិនិត្យ ឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យ និងណែនាំដល់ ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់។ ដូចគ្នាដែរ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ ចល័តម្ហូបអាហារ ចុះត្រួតពិនិត្យ ផលិតផលទំនិញ ជាគ្រឿងសមុទ្រ តាមបណ្តោយផ្លូវលេខ៥៩៨ ត្រឡោកបែក ដកយកគំរូបចំនួន ៤៥គំរូ រួមមាន ៖ មឹកក្លាសេ បង្គាក្លាសេ ក្តាម បង្កង ក្តាមប្រៃ ត្រីសមុទ្រ ត្រីបបែលក្លាសេ ព្រុយត្រីសមុទ្រក្លាសេ។ ល ។

មកពិសោធន៍ភ្លាមៗ នៅរថយន្តពិសោធន៍ចល័ត។ ជាលទ្ធផលក្នុងចំណោមគំរូ៤៥គំរូ រកឃើញបង្គារ មានចាក់ចាហួយ ចំនួន១៥គីឡូក្រាម ត្រូវបានដកហូត ហើយធ្វើកិច្ចសន្យាបញ្ឍប់ការ ទទួលទិញយកមកលក់ និងដាក់វិធានពិន័យអន្តរការណ៍ទៅតាមច្បាប់ ។ គេនៅចាំបានថា ទីតាំងលក់គ្រឿងសមុទ្រនៅ(ផ្លូវត្រឡោកបែក) ដដែលនេះ ធ្លាប់ត្រូវបានមន្ត្រីក.ប.ប. ឆ្មក់បង្ក្រាបបានជាច្រើនលើកផ្សេងទៀត ផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព