បណ្តាញសង្គម

ទីបំផុត! ក្រុម​ចោរ​ធា.ក់​ប្ល.ន់​ម៉ូតូ​បានសម្រេចច្រើន​លើក ត្រូវអស់លក្ខណ៍

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការនគេបាលខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមចោរចំនួន៥នាក់កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២៤ ក្រោយពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលត្រូវក្រុមចោរខាងលើធ្វើសកម្មភាពធា.ក់ប្ល.ន់ម៉ូតូបានសម្រេចជាបន្តបន្ទាប់ច្រើនលើក ។

នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នោះ រួមមាន ១-ឈ្មោះលី ចាន់សុថា ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះ នៅ វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ ៣-ឈ្មោះ សន សំណាង ភេទប្រុស អាយុ២០ឆ្នាំ ៤-ឈ្មោះ ហម សុគន្ធ ភេទប្រុស អាយុ១៨ឆ្នាំ ៥-ឈ្មោះ រុន ជសីហ៌ ភេទប្រុស អាយុ១៧ឆ្នាំ ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ បុត្រ កំពុងរត់គេចខ្លួន ។ នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រុមជនសង្ស័យបានសារភាពថា ធ្លាប់ធ្វើសកម្មភាពធាក់ប្លន់ម៉ូតូបានសម្រេចចំនួន៣លើករួចមកហើយ ក្នុងនោះលើកទី១នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩នឹង៣០នាទីយប់ ។

ជនសង្ស័យឈ្មោះលី ចាន់សុថា និងបក្សពួក៧នាក់ទៀត ជិះម៉ូតូហុងដា ធុនសេ១២៥ ចំនួន៤គ្រឿង ធាក់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពីជនរងគ្រោះនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្រុមជនសង្ស័យបានសារភាពប្រាប់នគរបាលបន្តទៀតថា លើកទី២ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងម៉ោង៣នឹង២០នាទីទៀបភ្លឺ បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីនារីជនរងគ្រោះម្នាក់ ប្លន់យកបានម៉ូតូ១គ្រឿង ម៉ាកហុងដាប៊ីត ពណ៍ខៀវលាយស នៅចំណុចផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ដោយឡែកលើកទី៣ នៅថ្ងៃ១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២២យប់ ជនសង្ស័យមានគ្នាចំនួន៦នាក់ ជិះម៉ូតូចំនួន៣គ្រឿង ម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ចំនួន២គ្រឿង និងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៍ខៀវលាយស១គ្រឿង ដេញតាមធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូមួយគ្រឿងពីជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស៊េរីនៅម្ដុំវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ប៉ុន្តែមិនបានសំរេច ដោយសាម៉ូតូធ្លាក់ចូលក្នុងស្រែពិបាកលើហើយជនរងគ្រោះបានដក់សោររត់ស្រែកហៅឲ្យគេជួយ ទើបពួកខ្លួននាំគ្នាគេចខ្លួនរួចប៉ុន្តែសំណាងអាក្រក់ពេលនេះក៏ត្រូវនគរបាលឃាត់ខ្លួនបាន៕

ដកស្រង់ពី៖កោះសន្តិភាព