បណ្តាញសង្គម

កម្លាំងនគរបាលអន្តោប្រវេសន៍​ បន្តចា​ប់ជនជាតិវៀតណាម២៣នាក់ នៅខណ្ឌដូនពេញ ពីបទរស់នៅ និងធ្វើការខុសច្បាប់

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសមត្ថកិច្ចដែនដី និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងឆែកឆេរ នៅគោលដៅ៖ ហាងការ៉ាអូខេ៩៩ និងហាងកាហ្វេ ស្ថិតនៅផ្លូវលេខ១៥ និងផ្លូវលេខ១៣៦  សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

 លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ក្រុមប្រតិបត្តិការ បានត្រួតពិនិត្យឃើញមានជនបរទេសចំនួន២៣នាក់ ស្រី ១២នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា កម្លាំងរបស់លោក បានសម្រេចបញ្ជូនជនជាតិវៀតណាមទាំង២៣នាក់ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS