បណ្តាញសង្គម

គួរឲ្យសោកស្តាយណាស់! យុវតីជំទង់ម្នាក់ដែលត្រូវឃាតកសម្លាប់ ទាំងអាក្រាតកាយនៅកណ្តាលព្រៃ ក្នុងស្រុករវៀង លទ្ធផលបាក់ឌុបបង្ហាញថ្ងៃនេះ នាងជាប់បាននិទ្ទេស E

(ព្រះវិហារ)៖ ពិតជាគួរសោកស្តាយខ្លាំងណាស់ សម្រាប់យុវតីជំទង់ម្នាក់ អាយុ១៨ឆ្នាំ ដែលត្រូវបានឃាតកវាយសម្លាប់ ពេលទៅមើលគោបណ្តាលឲ្យស្លាប់ទាំងអាក្រាតកាយ នៅកណ្តាលព្រៃនោះ លទ្ធផលបាក់ឌុបបង្ហាញនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ គឺនាងជាប់បាននិទ្ទេស E ដែលមានទទួលបានពិន្ទុ 74.190។

 សូមបញ្ជាក់ថា នារីរងគ្រោះឈ្មោះ រឹម ធារី អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានជនដៃដល់ឈ្មោះ គង់ សំណាង អាយុ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា វាយសម្លាប់ចោលស្លាប់ទាំងអាក្រាតកាយ ដោយសារតែជនដៃដល់ខឹងថា គ្រួសាររបស់នារីរងគ្រោះ បានចោទគ្រួសាររបស់ខ្លួនថា បានលួចគោ។

យ៉ាងណាក៏ដោយ ជនដៃដល់រូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបាន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយសពនារីរងគ្រោះ ត្រូវបានគេប្រទះឃើញកាលពី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។

នារីរងគ្រោះជាសិស្សថ្នាក់ទី១២ ហើយត្រូវប្រឡងឆ្នាំនេះដែរ ប៉ុន្តែនៅពេលលទ្ធផលបង្ហាញនៅថ្ងៃនេះ នាងដែលបានស្លាប់បាត់ទៅហើយនោះ មិនបានមើលឃើញនូវលទ្ធផល ដ៏ជោគជ័យរបស់នាងនោះឡើយ ហើយបើទោះបីបានទទួលនិទ្ទេស E លំដាប់ពិន្ទុជាង៧៤ ប៉ុន្តែវាជាលទ្ធផលដ៏មោទភាពមួយសម្រាប់ក្រុមគ្រួសារ ដែលជាកូនអ្នកជនបទ តែអាចប្រឡើងជាប់ក្នុងដំណាក់កាលនៃការរឹតបន្តឹងយ៉ាងដូច្នេះ។

សូមវិញ្ញាណក្ខន្ធរបស់នាង បានស្ងប់នៅពេលដឹងថា នាងបានជាប់ឌុបហើយ ខណៈសិស្សជាច្រើនពាន់នាក់ ផ្សេងទៀត មិនអាចប្រឡងជាប់។

សូមបញ្ជាក់ថា សពនារីវ័យជំទង់ម្នាក់ត្រូវ បានក្រុមគ្រួសាររកឃើញនៅ ក្នុងព្រៃមួយកន្លែង ដែលមានចំងាយពីភូមិប្រហែលមួយគីឡូម៉ែត្រ នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដែលការប្រទះឃើញសពក្មេងស្រីនេះ គឺបន្ទាប់ពីក្មេងស្រីនេះ បានបាត់ខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ខណៈក្មេងស្រីនេះ បានទៅឃ្វៀលគោម្នាក់ឯង។

លោកឧត្តមសេនីយ៍ត្រី ហុង ចំរើន ស្នងការរងនគរបាលខេត្តព្រះវិហារ ទទួលបន្ទុកព្រហ្មទណ្ឌ បានថ្លែងថា ក្រោយពីសមត្ថកិច្ចចុះពិនិត្យសាកសព បានធ្វើការសន្និដ្ឋានថា ជាករណីរំលោភសម្លាប់ ការដែលសន្និដ្ឋានបែបនេះ ក៏ព្រោះតែនៅលើខ្លួនសាកសព គឺមានអាក្រាតកាយផ្នែកខាងក្រោម រួចក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

លោកឧត្តមសេនីយ៍ត្រី ហុង ចំរើន បានឲ្យដឹងទៀតថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជនសង្សយ័ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរចម្លើយ។

លោកបន្តថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ជនរងគ្រោះដែលខ្លួនសម្លាប់នៅក្នុងព្រៃនោះ គឺខ្លួនមិនបានរំលោភនោះទេ ហើយចំពោះការរបូតខោនោះ គឺមុនដំបូងខ្លួនបានវាយជនរងគ្រោះរហូតសន្លប់ រួចក៏អូសជនរងគ្រោះចូលព្រៃ បន្តទៀតទើបអាក្រាតផ្នែកខាងក្រោមនេះ។

ជនសង្ស័យបានបន្តថា ការសម្លាប់ជនរងគ្រោះ គឺបណ្តាលមកពីករណីគំនុំ ដែលគ្រួសារស្ត្រីរងគ្រោះ តែងដៀលគ្រួសារជនសង្ស័យថា ជាចោរលួចគោ ដែលពាក្យនេះ ហើយធ្វើឲ្យជនសង្ស័យមានគំនុំរហូតមានឱកាសសម្លាប់ស្ត្រីវ័យជំទង់នេះតែម្តង៕

ដកស្រង់ពី៖FRESH NEW