បណ្តាញសង្គម

រពឹសដៃណាស់! ឃើញរថយន្ត​គេ​ទុកមុខផ្ទះ លួចបើករត់បានត្រឹម ​ស្រុកបាធាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់មុខរបរជាអ្នករត់កង់បី ប្រហែលជាចង់ប្តូរមុខរបរ ជាអ្នករត់ឡានវិញម្ដង មិនដឹងបានឃើញ រថយន្តសាំយ៉ុង ១គ្រឿងគេចតទុកចោល នៅមុខផ្ទះអត់ មានរបងទៀតក៏លួចយក តែត្រូវម្ចាស់គេដឹងទាន់បានប្តឹងសមត្ថកិច្ចស្រុកព្រៃឈរ សហការ ជាមួយសមត្ថកិច្ច ស្រុកបាធាយ ពួនស្ទាក់ចាប់បាន នៅវេលាម៉ោង១ និង២០នាទី យប់រំលងអធ្រាតថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលជនសង្ស័យ លួចយកម៉ាកសាំយ៉ុង ពណ៌លឿង ស្លាកលេខ ភ្នំពេញ 2AE-0610 ជាកម្មសិទ្ធរបស់ឈ្មោះ អ៊ឹម សារិន នៅភូមិឃុំកើតហេតុខាងលើ។ ក្រោយជនសង្ស័យលួចរថយន្តបានហើយ ម្ចាស់រថយន្តបាន ទៅដាក់ពាក្យបណ្តឹង និងរាយការណ៍ដល់ សមត្ថកិច្ច ថាជនសង្ស័យបានបើកចេញតាមបណ្តោយផ្លូវជាតិ លេខ៧ ឆ្ពោះទៅទិស ខាងលិច។

ក្រោយពីទទួលបានព័ត៌មាន បានភ្លាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាល ស្រុកព្រៃឈរ សហការជាមួយ លោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ ដេញតាមពីក្រោយរហូតដល់ចំណុច មុខអធិការដ្ឋាននគរបាល ស្រុកបាធាយ ត្រូវបានកម្លាំងស្រុកបាធាយ ឃាត់រថយន្តបាន និងចាប់ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ ៣៧ឆ្នាំ ស្រុកកំណើតភូមិថ្មី ឃុំក្សាមស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមានមុខរបរ រត់ម៉ូតូកង់៣ ស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ នាំមកអធិការដ្ឋាននគរបាលស្រុកព្រៃឈរ សាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖ដើមអម្ពិល