បណ្តាញសង្គម

តាក់ស៊ី​ចាប់​ម៉ូយ​អនាធិបតេយ្យ​នៅ​ច្បារ​អំពៅ នឹង​ត្រូវ​ឃាត់​ទុក​មួយ​ខែ បើ​មិន​រាង​ចាល

យុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់នៅខណ្ឌច្បារអំពៅ បានប្រព្រឹត្តទៅដូចភ្លៀងរលឹម ហើយបញ្ហាចម្បងមួយក្នុងចំណោមនោះ គឺរថយន្តតាក់ស៊ីដែលមានអ្នកចាំចាប់ម៉ូយយ៉ាងអនាធិបតេយ្យ រហូតធ្វើឲ្យស្ទះចរាចរណ៍ និងអាចបង្កជាគ្រោះថ្នាក់ផ្សេងៗផងដែរ។ ពេលនេះ អាជ្ញាធរខណ្ឌបានបញ្ចេញចំណាត់ការក្ដៅ ដោយឃាត់ទុករថយន្តមួយខែ ប្រសិនបើណែនាំហើយមិនរាងចាល។

លោក ប៊ូ វឌ្ឍនា នាយករងរដ្ឋបាលខណ្ឌច្បារអំពៅ បានលើកឡើងថា អាជ្ញាធរខណ្ឌនឹងពង្រឹងវិធានការណ៍ឃាត់រថយន្តរបស់អ្នកប្រកបអាជីវកម្មចាប់ម៉ូយរញ៉េរញ៉ៃ តាមផ្លូវជាតិលេខ១ មករក្សាទុករយៈពេលមួយខែជាបណ្ដោះអាសន្ននៅសាលាខណ្ឌ ចំពោះម្ចាស់យានយន្តណាដែលធ្លាប់ឃាត់ម្ដងរួចមកហើយ តែមិនរាងចាល។

“តាមពិតទៅ យើងរៀបចំយូរណាស់ហើយ តាំងពីខែសីហាមក... យើងណែនាំគាត់ ឃាត់ទុកនៅខណ្ឌចុះកិច្ចសន្យាផ្ដិតមេដៃ មាន ២ ៣យប់ក៏មាន ឡើងដល់មួយអាទិត្យក៏មាន។ ពេលឃាត់មក យើងកោះហៅប្រជុំណែនាំឲ្យចូលរួមរៀបចំសណ្ដាប់ធ្នាប់ទាំងអស់គ្នា គ្មានបានផាកពិន័យមួយរៀលណាទេ ព្រោះអាហ្នឹងជាគោលការណ៍ គឺមិនផាក តែចង់ឲ្យគាត់ចូលរួម"។ លោក ប៊ូ វឌ្ឍនា ថ្លែងមកកាន់ Sabay។

ទន្ទឹមនេះ លោក ប៊ូ វឌ្ឍនា បានបញ្ជាក់តាមគោលការណ៍របស់អភិបាលខណ្ឌច្បារអំពៅ អំពាវនាវឲ្យអ្នកប្រកបរបររថយន្តឈ្នួលទាំងអស់ មេត្តាចូលរួមថែរក្សាសណ្ដាប់ធ្នាប់ កុំប្រសេចប្រសាចចាប់ម៉ូយតាមផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗ។ ម្យ៉ាងវិញទៀត ការចតរថយន្តចាប់ម៉ូយនេះ ក៏អាចបង្កឲ្យស្ទះចរាចរណ៍ផងដែរ៕

ដកស្រង់ពី៖Sabay