បណ្តាញសង្គម

អ្នកបើកម៉ូតូប្រមាណ៩០ភាគរយអត់ពាក់មួកសុវត្ថិភាព, ស្នងការ​​ខេត្ត​ព្រះសីហនុ​ បើក​កិច្ច​ប្រជុំជាបន្ទាន់​ដើម្បី​ពង្រឹងរឹតបន្តឹង និងបញ្ជាឲ្យត្រួតពិនិត្យភា្លមៗ ពេលឃើញបរទេសបើកបររថយន្ដ​

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីពង្រឹងការងារ សណ្តាប់ធ្នាប់ ចរាចរណ៍។ ដោយហេតុតែ ក្នុងរយៈពេលកន្លងទៅនេះ បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ នៅតែជាចំណុចប្រឈមមួយក្តៅគគុក ដែលជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទៅនៅខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើង នូវ៣ចំណុចសំខាន់ៗ ដែលត្រូវឲ្យសមត្ថកិច្ចជំនាញ ដែលជាមន្ត្រីអនុវត្តច្បាប់ត្រូវតែយកចិត្តទុកដាក់ ទី១៖ អ្នកបើកម៉ូតូអត់ពាក់មួកសុវត្ថិភាព ពេលយប់ ស្ទើរតែ៩០% ពិសេសនៅពេលដែលសមត្ថកិច្ចដកកម្លាំង ល្បាតតាមផ្លូវ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍, ទី២៖ ម៉ូតូគ្មានស្លាកលេខ និងគ្មានកញ្ចក់មើលក្រោយ និងទី៣៖ ទាំងជនជាតិខ្មែរ និងបរទេស អត់ប័ណ្ណបើកបរ ហើយបើកលឿនៗមិនគោរពច្បាប់ចរាចរណ៍។

លោកស្នងការបានដាក់បទបញ្ជាថា ពេលជួបប្រទះជនបរទេស បើកបរត្រូវឃាត់ធ្វើការត្រួតពិនិត្យ រកប័ណ្ណបើកបរបើជននោះ មានប័ណ្ណបើកបរត្រូវថតរូបមនុស្ស ស្លាកលេខរថយន្ត និងលេខប័ណ្ណ រាយការណ៍ជូនថ្នាក់លើជាបន្ទាន់ ដើម្បីត្រួតពិនិត្យមើលគល់បញ្ជីនៅមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីរកភាពត្រឹមត្រូវ។

ត្រូវរឹតបន្តឹងចំពោះរាល់អ្នកបើកបរមានជាតិស្រវឹង បង្កគ្រោះថ្នាក់ត្រូវឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ ការត្រួតពិនិត្យត្រូវបែងចែកវេនគ្នាធ្វើឲ្យបានជាប់ជាប្រចាំ។ ថ្នាក់ដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវប្តូរវេនគ្នាល្បាតតាមដងផ្លូវ ពិនិត្យមើលអ្នកប្រើប្រាស់យានយន្តការគោរពច្បាប់ចរាចរណ៍។

លោកស្នងការ បានបង្ហាញជូននូវរូបភាពរថយន្តពីរគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ ដែលគេប្រទះឃើញធ្វើចរាចរណ៍នៅខេត្តព្រះសីហនុ បើកដោយជនជាតិចិន ត្រូវរុករកឲ្យឃើញ។ ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានណែនាំឲ្យលោកជាថ្នាក់ដឹកនាំ ត្រូវប្រជុំណែនាំពង្រឹងវិន័យដល់កងកម្លាំង មន្ត្រីអ្នកអនុវត្តច្បាប់ត្រូវឲ្យមានសីលធម៌សណ្តាប់ធ្នាប់ ល្អ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ នាំឲ្យពួកគាត់មានការថ្នាំងថ្នាក់ឡើយ៕

ដកស្រង់ពី៖FRESH NEWS