បណ្តាញសង្គម

ឃាតកម្មសម្លាប់ម្ចាស់ហាងម៉ាស្សា និងជាអ្នកសារព័ត៌មាន នៅស្រុកអង្គស្នួល ពេលនេះនគរបាលតាមចាប់ ស្រីស្នេហ៍ជាជនដៃដល់, មូលហេតុត្រូវការលុយជាង ២ពាន់ដុល្លារ រត់ការដោះប្តីចេញពីគុក រឿងគ្រឿងញៀន

(កណ្ដាល)៖ ករណីឃាតកម្មសម្លាប់ម្ចាស់ហាងម៉ាស្សា និងជាអ្នកសារព័ត៌មាន «សម្លេងប្រជាជន» ត្រូវបានកម្លាំងនគរបាល ចាប់បានជនដៃដល់ហើយ គឺជាស្រីស្នេហ៍ ដោយសារតែមូលហេតុ ជនដៃដល់ត្រូវការលុយចំនួន២,៥០០ដុល្លារ យកទៅឲ្យតុលាការ ដើម្បីរត់ការដោះលែងប្តីរបស់ខ្លួន កំពុងជាប់ពន្ធនាគារព្រៃសពីបទល្មើសគ្រឿងញៀន។

ករណីឃាតកម្មដ៏សាហាវខាងលើនេះ បានកើតឡើងនៅក្នុងផ្ទះសំណាក់យីហោ «សំណាងណាស់» បន្ទប់ជួលជួរខាងត្បូង (បន្ទប់លេខ១១) ស្ថិតនៅភូមិ ត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ ជនរងគ្រោះឈ្មោះ នួន សុភាព (នួន ភាព) អាយុ៥៨ឆ្នាំ មុខរបរបើកហាងម៉ាស្សា និងជាអ្នកសារព័ត៌មាន «សម្លេងប្រជាជន» បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនដៃដល់ ឈ្មោះ ផេង ណាន ហៅណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ តាមការបំភ្លឺរបស់សាក្សី ឈ្មោះ ចែម ប៊ុនធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកមើលការខុសត្រូវផ្ទះសំណាក់ «សំណាងណាស់» បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅម៉ោង១២៖១៥ នាទី ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿង ម៉ាក Honda Dream.C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មិនចាំផ្លាកលេខ មកចូលផ្ទះសំណាក់ (សំណាងណាស់) ដោយបានដឹកស្រីម្នាក់មកជាមួយផង ហើយជួលចូលស្នាក់នៅបន្ទប់លេខ១១។

ក្រោយមកនៅម៉ោងប្រហែល១៣៖៤៣នាទីថ្ងៃដដែល ឈ្មោះ ចាន់ សុខនីម បានឃើញស្រីម្នាក់ ដែលមកដេកជាមួយ ជនរងគ្រោះនោះ បានចេញមកខាងក្រៅ បន្ទប់អង្គុយលើម៉ូតូ របស់ជនរងគ្រោះ ដោយនិយាយទូរស័ព្ទថា៖ ម៉េចអត់ ស្គាល់កន្លែងហ្នឹងទេឬ? ចាំខ្ញុំចេញទៅយកហើយក៏ចេញទៅបាត់ ទៅមិនឃើញត្រឡប់មកវិញ។

លុះដល់ម៉ោង១៨៖០០នាទី ដោយមានការសង្ស័យ មិនឃើញមនុស្សនោះ ត្រឡប់មកវិញឈ្មោះ ចាន់ សុខនីម ក៏ដើរទៅមើលបន្ទប់លេខ១១ ឃើញទ្វារបន្ទប់ហើបបន្តិច ហើយឃើញ នៅក្នុងបន្ទប់មានសភាពរញ៉េរញ៉ៃ និងឃើញ សពមនុស្សប្រុសម្នាក់ ដេកស្លាប់នៅក្បែរគ្រែ ក៏រត់ទៅប្រាប់ប្ដី (ចែម ប៊ុនធី) ពីហេតុការណ៍នោះ រួចក៏បានរាយការណ៍ ជូនមកសមត្ថកិច្ច។

ឆ្លងតាមលទ្ធផល ស៊ើបអង្កេតស្រាវជ្រាវ រយៈពេល៤ថ្ងៃ កម្លាំងនគរបាលខេត្ដ និងនគរបាលស្រុកអង្គស្នួល សហការ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបំបែកសំណុំរឿងករណី ឃាតកម្ម ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៧៖២៣នាទី ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចភោជនីយដ្ឋាន «វាលស្រែ១០០» ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ហើយធ្វើការនាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធី។

នៅចំពោះសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានទូរស័ព្ទ ទៅជនសង្ស័យ បបួលមករួមភេទ ពេលនោះជនសង្ស័យដោយសារ មានការខ្វះខាតលុយចំនួន២,៥០០ដុល្លារ ដើម្បីរត់ការ ដោះស្រាយប្តីជាប់ពន្ធនាគារព្រៃស និងឃើញជនរងគ្រោះមានគ្រឿងអលង្ការជាប់ខ្លួនច្រើន ក៏មានគំនិតចង់សម្លាប់ ជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិនោះតែម្តង។

ពេលនោះ ជនសង្ស័យបានទារតម្លៃខ្លួន ក្នុងការរួមភេទចំនួន១០ម៉ឺនរៀល តែជនរងគ្រោះឲ្យតែ២០ដុល្លារ ជនសង្ស័យក៏ យល់ព្រមទៅជាមួយ រួចជនសង្ស័យ បានរៀបចំគម្រោង ទុកជាមុនដោយបានយកកូនកាំបិតចុងស្រួចលាក់ទុក ក្នុងកាបូបរួចជាស្រេច។ លុះដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១ ជនសង្ស័យបានទូរស័ព្ទ ដើម្បីណាត់គ្នារកកន្លែងរួមភេទ។

លុះដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ ជនរងគ្រោះ បានជិះម៉ូតូមកទទួលជនសង្ស័យនៅ ចំណុចមុខច្រកចូលភូមិបូរីកម្មករ ឃុំបែកចាន ដើម្បីទៅចូលដេកផ្ទះសំណាក់កើតហេតុ ដែលមានចម្ងាយប្រហែល ០,៥Km។ ពេលចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះបានផ្លាស់កន្សែងចូលងូត ទឹកក្នុងបន្ទប់ទឹក ឆ្លៀតឱកាសនោះ ជនសង្ស័យ បានយកកូនកាំបិត ពីក្នុងកាបូបលាក់ទុកក្រោមខ្នើយដេក។

ពេលដែលកំពុងរួមភេទ និងនៅលើពីជនរងគ្រោះផងនោះ ជនសង្ស័យក៏ទាញកាំបិតចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើគ្រែ រួចក៏ចាក់បន្ថែមចំនួន១៧កាបិត រហូតស្លាប់តែម្តង។ ក្រោយសម្លាប់ជនរងគ្រោះហើយ ជនសង្ស័យបានងូតទឹកសម្អាតខ្លួនរួច ទើបយកគ្រឿងអលង្ការ, លុយ, ទូរស័ព្ទ និងម៉ូតូរបស់ ជនរងគ្រោះយកទៅលក់។

តាមការសន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ ដោយអំពើឃាតកម្ម (គិតទុកជាមុន) ដោយផ្ដើមចេញពីអំពើប្លន់យកទ្រព្យសម្បត្តិ។ មូលហេតុ គឺដោយសារតែជនសង្ស័យត្រូវការលុយចំនួន ២,៥០០ដុល្លារ ដើម្បីរត់ការដោះស្រាយរឿងប្តី របស់ខ្លួនឈ្មោះ សាត ប៊ុនចាន់ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ដឹកដី ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារព្រៃស ពីបទល្មើសគ្រឿងញៀន៕

ដកស្រង់ពី៖FRESH NEWS