បណ្តាញសង្គម

ឆេះមន្ទីរពេទ្យមួយនៅកូរ៉េខាងត្បូង ស្លាប់និងរបួសយ៉ាងរង្គាលព្រឹកមិញ

យ៉ាងហោចណាស់មានមនុស្សចំនួន ៣១ នាក់ បានស្លាប់នៅក្នុងអគ្គីភ័យនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង Miryang ភាគអាគ្នេយ៍ ប្រទេសកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ភ្លើងបានឆេះចេញពីក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅវេលាម៉ោង ៧ និង ៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃសុក្រ ទី២៦ នេះ នៅមន្ទីរពេទ្យ Sejong ដែលអ្នកជំងឺភាគច្រើនជាមនុស្សចាស់។

ប្រភពដដែលបានបន្ថែមថា មានអ្នកជំងឺជាង ១០០ នាក់ ស្ថិតនៅក្នុងអគារពេទ្យ និងផ្ទះសម្រាប់មើលថែអ្នកជំងឺជាប់នោះ។ ជាមួយគ្នានេះដែរ ក្រុមមន្រ្តីបាននិយាយថា មនុស្សប្រហែល ៤០ បានរងរបួស ហើយមាន ១១ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អគ្គស្នងការអគ្គិភ័យ លោក Choi Man-woo បាននិយាយថា មូលហេតុនៃអគ្គីភ័យមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ ទោះជាយ៉ាងណា សារព័ត៌មាន Yonhap បានបញ្ជាក់ថា អ្នកជំងឺចំនួន ៩៣ នាក់នៅក្នុងផ្ទះមើលថែអ្នកជំងឺខាងលើ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព៕

ដកស្រង់ពី៖Sabay