បណ្តាញសង្គម

ជនសង្ស័យម្នាក់​ និងត្រាក់ទ័រមួយគ្រឿង​ ត្រូវបានសមត្ថកិច្ចឃាត់ទុក​ ព្រោះរុករានព្រៃរនាម​ នៅតំបន់អភិរក្ស​ជិត២០ហិកតា ក្នុងស្រុកកណ្តៀង

(ពោធិ៍សាត់)៖ កម្លាំងសមត្ថកិច្ចនគរបាលកណ្តៀង ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងត្រាក់ទ័រមួយគ្រឿង បញ្ជូនឲ្យអ្នកជំនាញជលផល ចាត់ការបន្ត ខណៈកំពុងឈូសឆាយរុករានដីព្រៃលិចទឹក ក្នុងតំបន់ហាមឃាត់ តំបន់៣ជិត២០ហិកតា។

ប្រតិបត្តិការណ៍នេះ ធ្វើឡើងនៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបឹងកេត ព្រៃរនាមក្រោម ស្ថិតក្នុងភូមិក្តីឈ្វិត ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុច ប៊ុនណាត ភេទប្រុស អាយុ ៤៥ឆ្នាំ ជាប្រជាកសិករមកពីភូមិកោះក្រសាំង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចរបស់លោកចាប់ឃាត់ខ្លួន រួមនឹងវត្ថុតាងត្រាក់ទ័រ បញ្ជូនបន្តឲ្យអ្នកជំនាញជលផលចាត់ការតាមនីតិវិធី ខណៈកំពុងឈូសឆាយដីព្រៃលិចទឹកជិត២០ហិកតា ក្នុងតំបន់៣ ជាប់មាត់បឹងទន្លេសាប។

បើតាមលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានឲ្យដឹងថា «តំបន់៣ ជុំវិញបឹងទន្លេសាប គឺជាតំបន់អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងត្រូវបានហាមឃាត់ជាដាច់ខាត ចំពោះការកាប់ឆ្ការព្រៃលិចទឹក ឬរុករានដីសណ្ដក្នុងតំបន់នេះ ទោះក្នុងរូបភាពណាក៏ដោយ»។

លោកបានបន្តថា រាជរដ្ឋាភិបាលនៃកម្ពុជា បានកំណត់ដែនព្រៃលិចទឹកចំនួន ៦៤៧.៤០៦ហិកតា ជាតំបន់ការពារស្ថិតក្នុងខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប ក្នុងនោះរួមមានខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដើម្បីធ្វើការគ្រប់គ្រងការពារ និងថែរក្សាដែនជម្រកធនធានធម្មជាតិព្រៃលិចទឹក និងជីវចម្រុះគ្រប់ប្រភេទឲ្យបាននៅគង់វង្សសម្រាប់ជាប្រយោជន៍រួម៕

ដកស្រង់ពី៖FRESH NEWS