បណ្តាញសង្គម

បុរសជនជាតិចិនម្នាក់ វាយបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋខ្មែរនៅបុរី BS អូរ១ ក្នុងក្រុងព្រះសីហនុ ត្រូវបានកម្លាំងនគរបាលចុះទៅវាយខ្នោះ

(ព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់ ដែលវាយបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋខ្មែរ នៅបុរី BS អូរ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០១៨នេះ មានករណីជនជាតិចិន សង្ស័យស្រវឹងស្រា បានស្រែកឡូឡា វាយកញ្ចក់ទ្វារផ្ទះរបស់អ្នកជិតខាង នៅបុរី BS អូរ១ ក្រុងព្រះសីហនុ បណ្តាលឲ្យរងការខូតខាត និងបង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរនោះ។

ករណីនេះសមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ដើមហេតុដំបូងប្តីប្រពន្ធជនជាតិចិននោះឈ្លោះគ្នា ថ្លង់សម្រាកមិនបាន ម្ចាស់ផ្ទះរងគ្រោះក៏ឃាត់ ប្រាប់កុំឲ្យឈ្លោះគ្នាឡូឡា បណ្តាលឲ្យបុរសជនជាតិចិន កើតការក្តៅក្រហាយ បានធ្វើសកម្មភាពវាយកញ្ចក់ទ្វារផ្ទះជនរងគ្រោះតែម្តង។ បច្ចុប្បន្នជនសង្ស័យកម្លាំងសមត្ថកិច្ចកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

 

ដកស្រង់ពី៖FRESH NEWS