បណ្តាញសង្គម

ជនសង្ស័យ២ និងរថយន្ដ២គ្រឿងពាក់ស្លាកលេខក្លែងក្លាយ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបាន ថ្ងៃនេះបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់

(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជានៃការស៊ើបអង្កេតពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញរួចមក នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលលោក ប៊ុន សត្យា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅកាន់តុលាការ ដើម្បីវិនិឆ្ឆ័យទោស បន្ទាប់ពីតាមប្រម៉ាញ់បង្ក្រាបបាន កាលពីថ្ងៃទី១១ ខែកុម្ភៈ នៅចំណុចខាងមុខវត្តវាលស្បូវ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទក្លែងបន្លំស្លាកលេខ លួចរថយន្ដទំនើបចំនួន២គ្រឿង។

លោក ប៊ុន សត្យា បានបញ្ជក់ថា មុនឈានដល់ការបង្ក្រាបជនសង្ស័យទាំង២នាក់ បានធ្វើឡើងក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដោយជំហ៊ានដំបូង កម្លាំងការិយាល័យបានធ្វើសំណើរ សុំបញ្ជាក់ពីភាពត្រឹមត្រូវ ឫក្លែងក្លាយលើស្លាកលេខរថយន្ដ ដែលជាប់ការសង្ស័យចំនួន២គ្រឿង។

ស្លាកលេខទាំងនោះរួមមាន៖ ស្លាកកណ្ដាល 2A-3052 ជាស្លាកលេខរបស់រថយន្ដម៉ាក HYUNDAIMINI BUS ពណ៌ក្រហមក្រម៉ៅ មិនមែនជាស្លាកលេខរបស់រថយន្ដម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់នោះទេ។

លោកបន្តថា រីឯរថយន្ដស្លាកលេខភ្នំពេញ 2AP-1361 ជាក់ស្ដែងជាស្លាកលេខរបស់តថយន្ដម៉ាក TOYOTA ពណ៌ក្រហម មិនមែនជាស្លាកលេខរបស់រថយន្ដម៉ាក TOYOTA CAMRY ពណ៌ស ឆ្នាំផលិត២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AP-1361 នោះឡើយ បន្ទាប់ពីត្រួតពិនិត្យវាយតម្លៃ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួកទាំង២នាក់ ក្នុងបទល្មើសក្លែងបន្លំ តាមមាត្រា៦២៦ នៃក្រមព្រហ្មទណ្ឌ ផ្ដន្ទាទោសដាក់ព័ន្ធនាគារ ពី១ឆ្នាំទៅ២ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ទៅ៦លានរៀល នៃក្លែងបន្លំឯកសារសារធារណៈ មាត្រា៦២៩ ក្រមព្រហ្មទណ្ឌ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំទៅ១០ឆ្នាំ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ឈាង ឧត្តម ហៅដំ អាយុ២៣ឆ្នាំ មុខរបរលក់រថយន្ដ ស្នាក់នៅផ្ទះលេខ៣១អឺ ផ្លូវលេខ៧ សង្កាត់ដង្កោ ខណ្ឌដង្កោ និងម្នាក់ទៀតឈ្មោះ ចាន់ រិទ្ធី ហៅពៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងថតរូបចល័ត ស្នាក់នៅភូមិអណ្ដូងស្នាយ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បន្តទៀតថា ក្រោយបង្ក្រាបឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងរថយន្ដ២គ្រឿង ត្រូវបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី និងបន្តស្រាវជ្រាវ មិនថា តែនៅរាជធានីនោះទេ សូម្បីតែតាមបណ្ដាខេត្ត បាននិងកំពុងបន្តប្រតិបត្តិការស្វែងរកចំពោះរថយន្ដ មិនប្រក្រតី ពាក់ព័ន្ធក្លែងបន្លំឯកសារ ស្លាកលេខក្លែងក្លាយជាដើម៕

ដកស្រង់ពី៖FRESH NEWS