បណ្តាញសង្គម

ត្រឹម៣ថ្ងៃ សាខាពន្ធដារខេត្តរតនគិរី ផាកពិន័យយានយន្ត១៩គ្រឿង និងរកបានបង់ថវិកាចូលរដ្ឋជាង៨លានរៀល

(រតនគិរី)៖ យោងតាមបទបញ្ជារបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី សាខាពន្ធដារខេត្ត សហការជាមួយកម្លាំងនគរបាលខេត្ត និងកម្លាំងអាវុធហត្ថខេត្ត បានចុះត្រួតពិន័យយានយន្ត ដែលមិនទាន់បង់ពន្ធផ្លូវឆ្នាំ២០១៧។

ប្រធានសាខាពន្ធដារខេត្តលោក ផាត់ កែវមុនី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះថា មន្ត្រីរបស់លោកបានអនុវត្តការងារត្រួតពិនិត្យ យានយន្តចំនួន៣ថ្ងៃមកហើយ គឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។

លោក ផាត់ កែវមុនី បានប្រាប់បន្តថា ក្រុមការងារបានផាកពិន័យយានយន្តបាន១៩គ្រឿង ក្នុងនោះរថយន្តដឹកទំនិញ៧គ្រឿង រថយន្តដឹកអ្នកដំណើរ២គ្រឿង និងរថយន្តទេសចរណ៍១០គ្រឿង ហើយពិន័យបង់ពន្ធជូនរដ្ឋបាន៨,280,០០០រៀល។

លោក ផាត់ កែវមុនី បន្ថែមឲ្យដឹងទៀតថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យ គឺចល័តជួនកាលដាក់ក្រុងបានលុង ស្រុកអូរជុំ ស្រុកបរកែវជាដើម ហើយការអនុវត្តការងារធ្វើជាប្រចាំ រហូតដល់រដូវបង់ពន្ធឆ្នាំក្រោយទៀត។

ជាមួយគ្នានេះដែរ លោកប្រធានសាខាពន្ធដាររូបនោះ សុំអំពាវនាវដល់ម្ចាស់យានយន្ត មិនទាន់បង់ពន្ធផ្លូវសូមរួសរាន់មកបង់ពន្ធ ព្រោះមិនអាចវេសបានទេ ពោលគឺកាតព្វកិច្ចរបស់យើងទាំងអស់គ្នា៕

ដកស្រង់ពី៖FRESH NEWS