បណ្តាញសង្គម

ឃាតកម្ម! បុរសម្នាក់វាយសម្លាប់ប្រពន្ធ ទើបតែសម្រាលកូនបានជាង១ខែ, ជនបង្កត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ បញ្ជូនទៅតុលាការ

(តាកែវ)៖ ក្រោយពីទទួលបានព័ត៌មានអំពីឃាតកម្មប្តីវាយសម្លាប់ប្រពន្ធ នៅស្រុកត្រាំកក់ ខេត្តតាកែវរួចមក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញ ការិយាល័យបច្ចេកទេស ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ដើម្បីពិនិត្យស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់។

ករណីខាងលើនេះ បានកើតឡើងនៅថ្ងៃអាទិត្យទី៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២៣៖១០នាទី ស្ថិតនៅចំណុចបន្ទប់ ស្ថិតនៅភូមិ អង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់។ ករណីនេះបានផ្តើមចេញ ពីអំពើហិង្សាក្នុងគ្រួសារ បង្កឡើងដោយជនសង្ស័យឈ្មោះ នួន សុផល អាយុ៣១ឆ្នាំ (ប្តី) មានស្រុកកំណើត នៅភូមិព្រៃស្រោង ឃុំអង្គតាសោម បានផឹកស្រាស្រវឹង ធ្វើសកម្មភាពវាយដោយដៃទៅលើ ជនរងគ្រោះជាប្រពន្ធ ឈ្មោះ បួរ សួន អាយុ៣២ឆ្នាំ ស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ភ្លាមៗ។

ស្រ្តីរងគ្រោះទើបតែសម្រាលកូនបានប្រមាណ ១,៥ខែប៉ុណ្ណោះ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានយកសពរបស់ជនរងគ្រោះ (ប្រពន្ធ) ទៅមណ្ឌលសុខភាពឃុំអង្គតាសោម ដោយបានកុហកថា ប្រពន្ធឈឺ ប៉ុន្តែពេលដល់គ្រូពេទ្យពិនិត្យឃើញថា ឈ្មោះ បួរ សួន បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បន្ទាប់ពីបានចុះពិនិត្យកោសល្យវិច្ច័យលើសាកសពបានឱ្យដឹងថា សពមានស្នាមរបួសជាំខ្មៅពាសពេញផ្ទៃមុខ, ប្រអប់ភ្នែកទាំងសងខាង, រលាត់ចង្កាជាំ, ពកក្បាលពីខាងក្រោយពីរកន្លែង, ជាំលើដើមទ្រូង, ដើមដៃ, កែងដៃទាំងសងខាងរលាត់ស្បែកត្រគាក, រលាត់ភ្នែកគោជើង និងបែកបបូរមាត់លើក្រោម ទើបសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយតែ ជនសង្ស័យជាប្តីវាយដោយចាប់បោកក្បាលនឹងការូ និងគ្រែថ្ម ប្រាកដមែន ក៏សម្រេចឃាត់ខ្លួនជនសង្ស័យតែម្តង។

ប្រជាពលរដ្ឋរស់នៅ ជុំវិញកន្លៃងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះ បច្ចុប្បន្នមករស់នៅខាងប្តីខេត្តតាកែវ ភូមិឃុំកើតហេតុខាងលើ ហើយស្ត្រីរងគ្រោះខាងលើ ទើបតែមានកូនតូច អាយុ១ខែ១៥ថ្ងៃប៉ុណ្ណោះ សព្វថ្ងៃប្រកបមុខរបលក់ដូរនំ ផ្លែឈើ តាមប៊េនឡាន។ ចំណែកជនសង្ស័យជាឃាតក សព្វថ្ងៃប្រកបមុខរប រត់ហៅម៉ូយដាក់ឡានតាមបេនឡាន។

បើតាមការលើកឡើងពីប្រជាពលរដ្ឋ កន្លងមកបុរសជាប្តី តែងតែប្រើសសកម្មភាពប្រព្រឹត្តអំពើហិង្សាមកលើប្រពន្ធជាច្រើនដងមកហើយ តែនាងជាប្រពន្ធរងគ្រោះសាច់កម្ម ចេះតែទ្រាំរស់នៅទាំងវេទនា ហើយអ្នកជិតខាងជាមួយគ្នា ក៏មិនហ៊ានអារកាត់ ឬក៏និយាយអ្វីទេ ពីព្រោះបុរសជាប្តីនេះត្រូវបានគេសង្ស័យថា ជាមនុស្សញៀនថ្នាំទៀតផង ហើយពេលស្រវឹងម្តងៗ តែងតែបង្កហេតុឈ្លោះប្រកែក ពាក្យសំដីជេប្រមាថវាយប្រពន្ធ មិនមានមូលហេតុនោះឡើយ សូម្បីតែសមត្ថកិច្ចមូលដ្ឋាន ក៏ឈឺក្បាលជាមួយគ្រួសាររងគ្រោះនេះដែរ។

បច្ចុប្បន្ន ជនសង្ស័យ ជាប្តីត្រូវបានកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនដើម្បីសាកសួរ និងកសាងសុំណុំរឿងតាមនីតិវិធី រីឯសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖FRESH NEWS