បណ្តាញសង្គម

TOP NEWS: រដ្ឋបាលខេត្តក្រចេះចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ អះអាងថា ការប៉ះទង្គិចរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅស្រុកស្នួល គ្មានអ្នកស្លាប់ មានរបួសប្រជាពលរដ្ឋ២នាក់

(ភ្នំពេញ)៖ ក្រៅពីបានឆ្លើយឆ្លងផ្តល់ការបំភ្លឺតាមទូរស័ព្ទទាំងអភិបាលខេត្ត អភិបាលស្រុក និងមេយោធាខេត្តជាមួយអង្គភាពព័ត៌មាន Fresh News រួចហើយនោះ រដ្ឋបាលខេត្តក្រចេះក៏បានចេញជាសេចក្តីប្រកាសព័ត៌មានផ្លូវការផងដែរ ដោយអះអាងថា ការប៉ះទង្គិចរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋតវ៉ារឿងវិវាទដីធ្លីនៅក្នុងស្រុកស្នួល មិនមានអ្នកស្លាប់នោះឡើយ មានតែរបួសប្រជាពលរដ្ឋ ២នាក់ និងសមត្ថកិច្ច៧នាក់។

ក្នុងសេចក្តីប្រកាសព័ត៌មានដែលធ្វើឡើងនៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ដែល Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមីនា នេះ អាជ្ញាធរខេត្តបានបដិសេធទាំងស្រុងចំពោះបណ្តាព័ត៌មាននានា ដែលបានផ្សព្វផ្សាយថា ការប៉ះទង្គិចគ្នានេះ បណ្តាលឲ្យប្រជាពលរដ្ឋស្លាប់រហូតដល់ ០៦នាក់ និង៤០នាក់រងរបួសនោះ។ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានអំពើហិង្សាមួយបានផ្ទុះឡើងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ខណៈកម្លាំងសមត្ថកិច្ច អាជ្ញាធរព្យាយាមបំបែកប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន ៣កន្លែង។

ការដែលប្រជាពលរដ្ឋនាំគ្នាបិទផ្លូវបានកើតឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំរបស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះទៅរុះរើសំណង់តូចៗរបស់ពួកគាត់ស្ថិតនៅក្នុងក្រុមហ៊ុនចំការកៅស៊ូមេមត់។

ក្នុងសេចក្តីប្រកាសព័ត៌មានបានអះអាងថា មូលហេតុដែលនាំដល់សមត្ថកិច្ចឈានដល់ផ្ទុះអាវុធ បន្ទាប់ពីប្រជាពលរដ្ឋដែលព្រមបើកផ្លូវតាមសំណើរបស់អាជ្ញាធរនោះ បានប្រើកាំបិត ពូថៅ ដំបង ដុំថ្ម ជំពាមកៅស៊ូ កាំភ្លើងកែច្នៃ ព្រួញ ដបសាំង បាញ់ និងគប់លើក្រុមការងារ៕

ដកស្រង់ពី៖FRESH NEWS