បណ្តាញសង្គម

ព័ត៌មានលម្អិត៖ កម្លាំងអាវុធហត្ថបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ៥នាក់ ចូលប្លន់ផ្ទះលក់សាំង នៅខណ្ឌព្រែកព្នៅ, បាញ់របួសភ្លៅចោរម្នាក់ ខណៈ៤នាក់ទៀត កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន

(ភ្នំពេញ)៖ លោក ភួង សូភី មេបញ្ជាការអាវុធហត្ថខណ្ឌព្រែកព្នៅ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៩ ខែមីនានេះថា នៅយប់ថ្ងៃមិញ កម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ បានសហការជាមួយកម្លាំងជំនាញ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្លន់ប្រដាប់អាវុធ។

លោកបន្តថា ការបង្ក្រាបនេះធ្វើឡើងនៅផ្ទះលក់ប្រេង តាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ស៊ុន ខេន ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរ កម្មកររោងចក្រ មានស្រុកកំណើតភូមិ សំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

បច្ចុប្បន្ន រស់នៅផ្ទះជួលភូមិ ទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ថោង គីរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអាវុធហត្ថ (បន្ទាយឡុងឈិន) និងប្រពន្ធឈ្មោះ សេក ចិន្តា ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ប្រេង រស់នៅកន្លែងកើតហេតុភូមិ ត្រពាំងពោធិ៍ សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ការបង្ក្រាបនោះ សមត្ថកិច្ចបានចាប់យករួមមាន៖ កាំភ្លើងវែងម៉ាកAK៤៧ ស្វាយកាត់០១ដើម បង់ចំនួន០១មានគ្រាប់ចំនួន០៨ និងទូរស័ព្ទចំនួន០២គ្រឿង។ សមត្ថកិច្ចបានបញ្ជាក់ដំណឹងរៀងថា តាមការបំភ្លឺរបស់ជនរងគ្រោះ ឈ្មោះ ថោង គីរី បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោងប្រហែល៥៖០០នាទីល្ងាច ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ គាត់បានឃើញមនុស្សប្រុស មានគ្នាចំនួន០៥នាក់ ជិះម៉ូតូពីរគ្រឿង ដោយមួយគ្រឿងម៉ាក C125 ឆ្នាំ២០១០ និងទី២ ម៉ាកC125 ឆ្នាំ២០១២ ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកទៅមកមុខផ្ទះគាត់ជាច្រើនលើកច្រើនសារ ដោយគាត់មិនចាប់អារម្មណ៍។

លុះដល់ម៉ោងប្រហែល៨៖៣០នាទីយប់ ថ្ងៃដដែល គាត់ក៏បិតភ្លើង បិតទ្វារចាក់គន្លឹះត្រឹមត្រូវបំរុងដេក ស្រាប់តែមានជនសង្ស័យ០៣នាក់ មកធាក់ទ្វារតែទ្វារមិនរបើក ហើយជនទាំងនោះបានអាមេកាំភ្លើងបាញ់ចំនួន០២គ្រាប់តែមិនផ្ទុះ។ ឮដូចនោះគាត់ក៏ទាញកាំភ្លើងខ្លីម៉ាក K៥៤ ចេញពីក្រោមខ្នើយយកមកអាមេ ពួកជនសង្ស័យឮគាត់អាមេកាំភ្លើងក៏ ភ័យនាំគ្នារត់ទៅខាងក្រោយផ្ទះ រួចគាត់ក៏លូនចេញមកក្រៅឃើញ កម្មកររបស់គាត់ត្រូវជនសង្ស័យ០២នាក់ ភ្ជង់នឹងកាំភ្លើង០១ដើមម៉ាក AK៤៧ ស្វាយកាត់ និងម្នាក់ទៀតត្រូវវាយនឹងដំបង ឃើញដូចនោះគាត់ក៏បាញ់ជនសង្ស័យដែលកាន់កាំភ្លើង ចំនួន០១គ្រាប់ត្រូវត្រង់ភ្លៅឆ្វេងបណ្តាលឲ្យរបួស ឯអ្នកកាន់ដំបងរត់គេចខ្លួន ទៅខាងក្រោយផ្ទះ ចំណែកឯជនសង្ស័យ០៣នាក់ ដែលរត់ទៅក្រោយផ្ទះបានបាញ់ចំនួន០១ គ្រាប់សំដៅមកគាត់។ រួចហើយគាត់ក៏ទូរស័ព្ទមកប្តឹងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍។

ដោយឡែកចំពោះចម្លើយរបស់ជនសង្ស័យ ឈ្មោះ សុន ខេន បានសារភាពថា នៅវេលាម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ពួកខ្លួនចំនួន០៤នាក់ទៀត ទី០១៖ ឈ្មោះ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅផ្ទះជួលភូមិទួលពង្រ ខណ្ឌមានជ័យ។

ទី០២៖ ឈ្មោះ វ៉ា ភេទប្រុស អាយុប្រហែល២៧ឆ្នាំ រស់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ ចោមចៅ។ ទី០៣៖ ឈ្មោះ សុខ នី ភេទប្រុសអាយុប្រហែល៣៨ឆ្នាំ មុខរបរកម្មករ រស់នៅផ្ទះជួល ភូមិទួលពង្រសង្កាត់ចោមចៅ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ភេទប្រុស អាយុ ប្រហែល៣៨ឆ្នាំ បានជិះម៉ូតូ០២គ្រឿងចេញពីភូមិទួលពង្រ មកពួននៅក្នុងដីកុកអាន ជិតផ្ទះជនរងគ្រោះ ដើម្បីងាយស្រួលធ្វើសកម្មភាព។

លុះដល់ម៉ោង៨៖៣០នាទីយប់ ពួកខ្លួនក៏ចេញធ្វើសកម្មភាព ដោយបែងជាពីរក្រុម គឺរូបគេ (ស៊ុន ខេន) គ្នាពីរនាក់កាន់កាំភ្លើងអាកា០១ដើម ធ្វើសកម្មភាពខាងក្រៅ និងមួយក្រុមទៀតគ្នា០៣នាក់កាន់កាំភ្លើងអាកា០១ដើម សំរុកទៅរកម្ចាស់ផ្ទះ។ ពេលដែលទៅដល់ខ្លួនក៏ភ្ជង់ នារីម្នាក់ ហើយមួយក្រុមទៀតក៏សំរុកទៅរកម្ចាស់ផ្ទះ តែបិតទ្វារជិតចូលមិនបានហើយក្រុមនោះក៏រត់ទៅក្រោយផ្ទះ នៅតែរូបគេនិងដៃគូរភ្ជង់អ្នកនៅខាងក្រៅ ស្រាប់តែម្ចាស់ផ្ទះចេញមកក្រៅបាញ់មកលើខ្លូនចំនួន០១គ្រាប់ត្រូវត្រង់ភ្លៅខាងឆ្វេង បណ្តាលឲ្យរបួស ហើយកម្លាំងសមត្ថកិច្ចក៏មកដល់។

បច្ចុប្បន្នជនសង្ស័យសំរាកព្យាបាលនៅពេទ្យ១៧៩ វត្ថុតាងរក្សាទុកនៅមូលដ្ឋានខណ្ឌព្រែកព្នៅ កំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកបក្ខពួកជនសង្ស័យបន្តទៀត៕

ដកស្រង់ពី៖FRESH NEWS