បណ្តាញសង្គម

គ្រូពេទ្យ២នាក់ ដែលធ្វេសប្រហែស ធ្វើឲ្យភ្លេចកន្សែងនៅក្នុងពោះស្រ្តីសម្រាលកូន នៅខេត្តកំពង់ចាម ត្រូវបានផ្ទេរភារកិច្ច

(កំពង់ចាម)៖ គ្រូពេទ្យប្រុសស្រីខាងផ្នែកវះកាត់ចំនួន២នាក់ ដែលបានធ្វេសប្រហែសធ្វើឲ្យភ្លេចកន្សែង នៅក្នុងពោះស្រ្តីសម្រាលកូនម្នាក់ នៅខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ និងបណ្តាលឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងៗ តាមបណ្តាញសង្គម Facebook នោះត្រូវបានផ្ទេរភារកិច្ច ពីការបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្ត ទៅការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្តវិញ។

នេះបើយោងតាមប្រធានសុខាភិបាលខេត្តកំពង់ចាម លោក គឹម ស៊ូភិរុណ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ។ លោក គឹម ស៊ូភិរុណ បានបញ្ជាក់ថា «យើងបានផ្ទេរភារកិច្ចពួកគាត់ទាំង២នាក់ ដែលជាគ្រូពេទ្យខាងវះកាត់នៅមន្ទីរបង្អែក នៅកាន់ការិយាល័យបច្ចេកទេស នៃមន្ទីរសុខភិបាលវិញ ដែលនេះជាការឆ្លើយតបចំពោះ ការធ្វេសប្រហែសរបស់ពួកគាត់»។

យ៉ាងណាក៏ដោយ ចំណាត់ការបែបនេះ ចំពោះគ្រូពេទ្យទាំង២នាក់ ហាក់ទទួលស្វាគមន៍នូវការរិះគន់ដដែលពីសំណាក់ពលរដ្ឋមួយចំនួន ដោយពួកគាត់លើកឡើងថា មិនសមនឹងកំហុសដែលពួកគាត់ បានប្រព្រឹត្ត នោះបើស្រ្តីរងគ្រោះបានស្លាប់ រឿងនេះគឺកប់ចោលជាក់ជាមិនខានឡើងអស់មួយជីវិត និងថាអាចបណ្តាលមកពីស្រ្តីរងគ្រោះទាស់ដោយសារកូនខ្វីទៀតផង។

សម្រាប់ស្ត្រីរងគ្រោះ ឌីម ស្រីមុំ ដែលមានស្រុកកំណើតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យពាមជីកងនោះ បានចាកចេញពីមន្ទីរពេទ្យ កាល់ម៉ែត កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ បន្ទាប់មុខរបួសមានអាការៈធូរស្បើយខ្លាំង តែត្រូវមកជួបពេទ្យក្នុងរយៈពេល១០ថ្ងៃក្រោយ។

នេះបើយោងតាមប្អូនស្រីរបស់ស្រ្តីរងគ្រោះបានប្រាប់មក អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។ សម្រាប់សំណង និងការឧបត្ថម្ភវិញ ត្រូវបានប្អូនស្រីរូបនេះ ប្រាប់ថា មានថវិកាចំនួន៥ពាន់ដុល្លារ ពីខាងមន្ទីរសុខាភិបាល និងលុយខ្មែរជាង១០លានរៀលពីកាកបាទក្រហម អភិបាលខេត្ត ថ្នាក់ដឹកនាំ និងសប្បរសជនមួយចំនួនទៀត ខណៈការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត មិនអស់មួយរៀលនោះទេ ថែមទាំងគ្រូពេទ្យយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។

សូមជម្រាបថា គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានបង្កការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរបំផុត ដែលកម្រកើតមានឡើង ចំពោះស្ត្រីរងគ្រោះម្នាក់ ដែលបានសម្រាលកូនដោយការវះកាត់ តែក្រោយសម្រាលកូនហើយ ស្ត្រីរងគ្រោះចេះតែមានការឈឺចាប់ក្នុងពោះខ្លាំងទៅៗរៀងរាល់ថ្ងៃ អស់រយៈពេល ជាង៣ខែមកហើយ ទោះប្រើឱសថព្យាបាលយ៉ាងណាក៏មិនបាត់សោះ។

លុះដល់ទ្រាំមិនបាន ក៏សម្រេចចិត្តវះកាត់ម្ដងទៀត តែអ្វីដែលហួសចិត្ត យ៉ាងពន់ពេកនោះ មូលហេតុដែលនាំឲ្យស្ត្រីរងគ្រោះមានការឈឺចាប់ គឺមានកូនកន្សែងមួយដែលគ្រូពេទ្យភ្លេចក្នុងពោះ អំឡុងពេលវះកាត់សម្រាលកូននៅមន្ទីរបង្អែកខេត្តកំពង់ចាម។

ទុក្ខវេទនានេះ ត្រូវបានបញ្ជាក់ឡើងដោយប្អូនស្រីបង្កើតរបស់ជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ ដែលថ្លែងទាំងក្តីវាយោគប្រាប់ Fresh News ដោយបានរៀបរាប់តាមដំណើររឿងថា៖ កាលពីជាង៣ខែមុន បងស្រីបង្កើតរបស់ខ្លួនបានទៅសម្រាលកូនដំបូងនៅមន្ទីរបង្អែកខេត្តកំពង់ចាម ពេលនោះគ្រូពេទ្យថា បើសម្រាលតាមធម្មជាតិមិនបានឡើយ ទាល់តែសម្រាលដោយការវះកាត់។ ក្រោយគ្រូពេទ្យប្រាប់យ៉ាងដូច្នេះ ជនរងគ្រោះ និងក្រុមគ្រួសារក៏សម្រេចចិត្តវះតែម្ដង។

ក្រោយសម្រាលមិនបានប៉ុន្មានផង ស្ត្រីរងគ្រោះចេះតែមានការឈឺចុកចាប់ក្នុងពោះរហូត និងខ្លាំងទៅៗ ខណៈការពិនិត្យ និងការប្រើប្រាស់ឱសថតិចច្រើន ក៏បានធ្វើជាបន្តបន្ទាប់ដែរ តែអាការឈឺចាប់នោះមិនព្រមបាត់រសាយទៅវិញសោះ។

ប្អូនស្រីជនរងគ្រោះបានបន្តថា ដោយសារការឈឺចាប់ចេះតែមានសភាពធ្ងន់ធ្ងរទៅៗ ទើបក្រុមគ្រួសារ ក៏សម្រេចចិត្តបញ្ជូនស្ត្រីរងគ្រោះមកមន្ទីរពេទ្យឯកជនមួយ នៅរាជធានីភ្នំពេញ ដើម្បីឆ្លុះមើលរកមូលហេតុ និងព្យាបាល ដល់ពេលឆ្លុះក៏ឃើញមានដុំម្យ៉ាងក្នុងពោះដែរ ប៉ុន្តែពេទ្យប្រាប់ថា ជាដុំក្នុងពោះធម្មតាដូចគេដូចឯងទេ ពោលប្រើតែថ្នាំចាក់ និងលេបទៅ នឹងធូរស្បើយហើយ ប៉ុន្តែមិនដូចការគិតនោះទេ ស្ត្រីរងគ្រោះនៅតែមានការឈឺចាប់ខ្លាំងទៅៗរាល់ថ្ងៃ ក៏សម្រេចចិត្តជាមួយក្រុមគ្រួសារថា វះកាត់ម្ដងទៀត ដើម្បីរកមូលហេតុនៃការឈឺចាប់ដ៏ធ្ងន់ធ្ងរនេះ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

ជាមួយនឹងសំឡេងអួលដើមកខ្សាវៗ ប្អូនស្រីជនរងគ្រោះបានថ្លែងថា ក្នុងពេលវះកាត់នោះ ស្រាប់តែឃើញកូនកន្សែងពណ៌សមួយ ប្រឡាក់ឈាមក្រហមឆ្អិនយ៉ាងសម្បើម នៅក្នុងពោះរបស់បងស្រីរបស់ខ្លួន ដែលនេះហើយជាមូលហេតុនាំឲ្យស្ត្រីរងគ្រោះឈឺចុកចាប់ អស់ពេលជាង៣ខែយ៉ាងដូច្នេះ ដែលម្នាក់ៗមានការហួសចិត្តយ៉ាងខ្លាំង ចំពោះការធ្វេសប្រហែសរបស់គ្រូពេទ្យនៅខេត្តកំពង់ចាម អំឡុងពេលស្ត្រីរងគ្រោះសម្រាលកូននោះ។

ដើម្បីបង្ហាញពីការធ្វេសប្រហែសក្នុងន័យជំរុញឲ្យមានការប្រុងប្រយ័ត្នទៅថ្ងៃមុខ ក្រុមគ្រួសារស្ត្រីរងគ្រោះបានជូនដំណឹងទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែរ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ខាងមន្ទីរពេទ្យ ដែលមានគ្រូពេទ្យម្នាក់អះអាងថា ខ្លួនឯងជាអនុប្រធានមន្ទីរពេទ្យ បានប្រកែកមិនចង់ទទួលស្គាល់ការធ្វេសប្រហែសនេះឡើយ ដោយប្រាប់ថា ចាំសិន លុះដល់២-៣សប្ដាហ៍ក្រោយមក ក្រុមគ្រួសារជនរងគ្រោះបានសាកសួរទៅគ្រូពេទ្យកំពង់ចាម ជាបន្តបន្ទាប់ទៀត តែខាងមន្ទីរពេទ្យនៅតែគ្មានដំណោះស្រាយ ជូនជនរងគ្រោះនៅឡើយ ដោយបញ្ជាក់ថា ចាំគេប្រជុំគ្នាសិន និយាយរួមគ្មានដំណោះស្រាយជូនជនរងគ្រោះ សូម្បីតែប៉ុនក្រចកដៃ។ នេះបើតាមការបន្ថែមរបស់ប្អូនស្រីជនរងគ្រោះ៕

ដកស្រង់ពី៖FRESH NEWS