បណ្តាញសង្គម

កម្លាំងនគរបាលអន្តោប្រវេសន៍ បង្ក្រាបក្រុមជនជាតិចិន១០០នាក់ ពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធ Internet និងបើកល្បែងខុសច្បាប់ នៅខណ្ឌទួលគោក

(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានបន្តប្រតិបត្តិការចុះទៅបង្ក្រាប និងចាប់ខ្លួនក្រុមជនជាតិចិនចំនួន១០០នាក់ ពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធ Internet និងបើកល្បែងខុសច្បាប់ នៅខណ្ឌទួលគោក។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅផ្ទះលេខ៩៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតី បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងបានពិនិត្យឃើញមានជនជាតិចិន ចំនួន១០០នាក់ ស្រី១៩នាក់ បានស្នាក់នៅប្រព្រឹត្តបទល្មើស VOIP និង Game Online។ បើតាមលោកឧត្តមសេនីយ៍ បានបន្ថែម ជនជាតិចិនទាំង១០០នាក់នេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការត្រួតពិនិត្យ និងអនុវត្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS