បណ្តាញសង្គម

មន្រ្តីនគរបាលចរាចរណ៍ខេត្តសៀមរាបម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយបាញ់៥គ្រាប់ សង្ស័យឈ្លោះជាមួយប្រពន្ធ

(សៀមរាប)៖ មន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីមន្រ្តីរូបនេះ បានបាញ់ចំនួន៥គ្រាប់ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ សង្ស័យឈ្លោះជាមួយប្រពន្ធរបស់ខ្លួន។ មន្រ្តីនគរបាលក្រុងសៀមរាប បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះថា លោក តាន់ ភីរម្យ អាយុជាង៣០ឆ្នាំ កំពុងស្ថិតនៅក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ពាក់ព័ន្ធការបាញ់ចំនួន៥គ្រាប់ ដោយខុសច្បាប់។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ មន្រ្តីនគរបាលរូបនេះ កំពុងហូបអីជាមួយប្រពន្ធរបស់ខ្លួន នៅផ្សារកុងតឺន័រ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ពេលនោះទំនងមានជម្លោះជាមួយប្រពន្ធ ស្រាប់តែបាញ់ចំនួន២គ្រាប់។

ក្រោយបាញ់រួចហើយលោក តាន់ ភីរម្យ បានធ្វើដំណើរមកផ្ទះ ហើយក្រុមសន្តិសុខនៅផ្សារកុងតឺន័រតាមពីក្រោយ ក៏ពេលធ្វើដំណើរដល់ផ្ទះ ក៏បាញ់ចំនួន៣គ្រាប់បន្ថែមទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើល រហូតមានកម្លាំងសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ និងឈានទៅដល់ការឃាត់ខ្លួនតែម្តង។

យ៉ាងណាក៏ដោយនៅពេលនេះ លោក តាន់ ភីរម្យ កំពុងត្រូវបានសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាបនៅឡើយ ដើម្បីបន្តចាត់ការតាមច្បាប់ទៀត។ ការផ្ទុះអាវុធនេះ មិនបានបង្កឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ៕

ដកស្រង់ពី៖FRESH NEWS