បណ្តាញសង្គម

ក្រុមជនដៃដល់​​សម្លាប់បុរសម្នាក់ នៅស្រុកកោះធំ ត្រូវ​កម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន​៦នាក់ និង​៣នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន

(កណ្ដាល)៖ ករណីឃាតកម្មសម្លាប់បុរសម្នាក់ នៅស្រុកកោះធំ ខេត្តកណ្ដាល កម្លាំងនគរបាលចាប់បានក្រុមដៃដល់០៦នាក់ហើយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ខណៈបក្ខពួក០៣នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចក៏កំពុងតាមប្រមាញ់ដូចគ្នា។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ជនសង្ស័យទាំង០៦នាក់ដែលចាប់បាននោះ រូមមាន ទី១៖ឈ្មោះ គាត សំណាង ហៅឡេង អាយុ១៨ឆ្នាំ ជាជនដៃដល់, ទី២៖ឈ្មោះ ហោ សោភ័ណ្ឌ (ហៅឡុង) អាយុ១៨ឆ្នាំ ជាអ្នកចូលរួម,ទី៣៖ឈ្មោះ ឌី ឌឿន អាយុ២២ឆ្នាំ, ទី៤៖ឈ្មោះ បេង តាំងអេង អាយុ២៨ឆ្នាំ, ទី៥៖ឈ្មោះ វ៉ាន់ សំណាង អាយុ១៩ឆ្នាំ, ទី៦៖ឈ្មោះ យឹម ឌីណា អាយុ១៨ឆ្នាំ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ បក្ខពួកក្រុមជនដៃដល់០៣នាក់ទៀត ដែលកំពុងរត់គេចខ្លួន ទី១៖ឈ្មោះ សិលា អាយុ១៨ឆ្នាំ, ទី២៖ឈ្មោះ ជ្រុយ វុទ្ធា (ហៅធា) អាយុ១៨ឆ្នាំ និងទី៣៖ឈ្មោះ មាន លាងហ៊ី អាយុ១៩ឆ្នាំ។

ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ ដកហូតបាន ម៉ូតូចំនួន០២គ្រឿង ម៉ាក Honda SL ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ និងម៉ាក Suzuki Nex ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ1U-5738, ដាវចំនួន០២ដើម, កាំបិតចំនួន០២ដើម និងទូរស័ព្ទចំនួន០៦គ្រឿង។

របាយការណ៍របស់លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ដែលរៀបរាប់ពីសភាពរឿងហេតុថា ជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្ដី ជាមួយក្រុមដែលមានរហ័សនាម KTS ដែលជា Group របស់ពួកគេប្រើក្នុង Facebook របស់ជនសង្ស័យទាំងអស់ខាងលើ។

តាមចម្លើយសារភាពរបស់ជនដៃដល់ គាត សំណាង ហៅឡេង បានសារភាពថា ខ្លួនគឺពិតជាយកដាវកាប់ទៅលើជនរងគ្រោះ ចេក ភាព ប្រាកដមែន ដោយមុនពេលកើតហេតុជនដៃដល់ គាត សំណាង ព្រមទាំងបក្ខពួកមាន ឈ្មោះ មាន លាងហ៊ី ជិះម៉ូតូម៉ាក Suzuki Let ឌុប ឈ្មោះ គាត សំណាង មានដាវ០១ដើម, ឈ្មោះ ជ្រុយ វុទ្ធា ជិះម៉ូតូ ហុងដាឌ្រីម បិតស្កុតខ្មៅពុំចាំម៉ាក ឌុបឈ្មោះ យឹម ឌីណា មានដាវ០២ដើម ហើយឈ្មោះ ហោ សោភ័ណ្ឌ ជិះម៉ូតូម៉ាកហុងដានិច ឌុបឈ្មោះ ជី សិលា មានដាវ០១ដើម។

ពួកគេជួបជុំគ្នា និងធ្វើដំណើរក្នុងគោលបំណង ទៅលេងបុណ្យវត្តកោះទៀវ នៅពេលដែលឈ្មោះ មាន លាងហ៊ី ឌុបឈ្មោះ គាត សំណាង ជិះទៅមុន ដល់ចំណុចខាងត្បូងស្ពានព្រែកទីវ ស្ថិតក្នុងភូមិកោះទៀវ (ខ) ឃុំសំពៅពូន ក៏បានជួបជនរងគ្រោះជិះម៉ូតូម៉ាកហុងដានិច ជ្រួសផ្លូវគ្នា ហើយជនរងគ្រោះកំពុងតែជិះ និងនិយាយទូរស័ព្ទ។

ពេលនោះពួកគេក៏បន្តដំណើរទៅមុខទៀត រហូតដល់ជិតវត្តកោះទៀវ ក៏ឃើញមានបក្ខពួករបស់ជនរងគ្រោះឈរនៅមុខក្លោងទ្វាវត្តកោះទៀវ ដោយមានកាន់ពូថៅ និងដុំថ្មភ្លាមនោះ ឈ្មោះ មាន លាងហ៊ី ក៏បានឌុប គាត សំណាង ជិះត្រលប់បកក្រោយវិញ ហើយជនដៃដល់ គាត សំណាង បានដកដាវពីក្រោមគូទ លើកែបម៉ូតូមកកាន់ ដោយជិះម៉ូតូយ៉ាងលឿនមកដល់ចំណុចកើតហេតុខាងលើ ពួកគេបានឃើញជនរងគ្រោះ ឈ្មោះ ចេក ភាព កំពុងឈប់ម៉ូតូ ឈរលើម៉ូតូដៃម្ខាងកាន់ទូរស័ព្ទនិយាយ ភ្លាមនោះ ឈ្មោះ មាន លាងហ៊ី ស្រែកថាកាប់ទៅគ្នាវាហើយរំពេចនោះ ឈ្មោះ គាត សំណាង បានយកដាវនោះកាប់ទៅលើឈ្មោះ ចេក ភាព ០១ដាវ ត្រូវចំករួចក៏ជិះម៉ូតូយ៉ាងលឿងជែងឡានធំ រួចហើយ គាត សំណាង បានទូរស័ព្ទប្រាប់ឈ្មោះ យឹម ឌីណា ថាខ្លួនបានកាប់គេបានហើយ មិនដឹងស្លាប់ ឬរស់ទេ ហើយបានបន្តដំណើរដល់ចំណុចស្ពានក្បាលកោះទៀវ ក៏បានជួបនិងបក្ខពួកខ្លួនដែលជិះពីលើមក រួចក៏បាននាំគ្នាជិះទៅជួបជុំគ្នា នៅវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ។

ដោយនៅទីនោះ គាត សំណង បាននិយាយពីរឿងហេតុកាប់ឈ្មោះ ចេក ភាព ជាមួយនិងបក្ខពួក តើគួធ្វើយ៉ាងណាបើកាប់គេហើយ? បន្ទាប់មកពួកគេក៏បាននាំគ្នា យកដាវដែលកាប់ និងដាវ០១ទៀត ទៅផ្ញើនៅនិងមិត្តភក្ដិពួកគេម្នាក់ទៀតឈ្មោះ វ៉ាន់ សំណាង ឲ្យយកទៅទុក។

លុះព្រឹកឡើងថ្ងៃទី១៧ ស្អែកឡើង ជនដៃដល់ គាត សំណាង បានទទួលដំណឹងថា ជនរងគ្រោះដែលខ្លួនកាប់ពីយប់នោះ បានស្លាប់បាត់ហើយ រួចជនដៃដល់រូបនេះបានទូរស័ព្ទទៅឈ្មោះ វ៉ាន់ សំណាង ឲ្យយកដាវនោះទៅបោះចោលទៅ ព្រោះឈ្មោះ ចេក ភាព ដែលខ្លួនកាប់នោះស្លាប់បាត់ហើយ។ លុះនៅវេលាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨វេលាម៉ោង ១៩៖០០នាទី ទើបសមត្ថកិច្ចនគរបាលស្រុកកោះធំ ស្រាវជ្រាវរហូតចាប់បានបក្ខពួកជនសង្ស័យខាងលើ ជាបន្តបន្ទាប់។

បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួនខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី។ សូមរំលឹកថា បុរសម្នាក់ត្រូវបានឃាតកដៃឆៅលើដៃប្រហារ ដោយយកកាំបិតកាប់ចំកញ្ចឹងក ពេលកំពុងជិះម៉ូតូតាមផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមតែម្ដង នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ២១ ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល៕

 

ដកស្រង់ពី៖FRESH NEWS