បណ្តាញសង្គម

មេប៉ូលិសចរាចរណ៍៖ នគរបាលចរាចរណ៍ គប្បីដល់ពេលដែលត្រូវធ្វើការផាកពិន័យ ឲ្យបានត្រឹមត្រូវហើយ កុំធ្វើបាបតែអ្នកក្រ ហើយខ្លាចឡានទំនើប និងឡានអ្នកធំនោះ!

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានជំរុញដល់មន្រ្តីនគរបាលទាំងអស់ គប្បីធ្វើការផាកពិន័យឲ្យបានត្រឹមត្រូវទៅតាមច្បាប់ ខណៈមានមន្រ្តីខ្លះ នៅតែធ្វើការផាកពិន័យអ្នកបើកបរលើសវិជ្ជាជីវៈរបស់ខ្លួននោះ។

ការអំពាវនាវរបស់ លោកឧត្តមសេនីយ៍ឯករូបនេះ គឺបានធ្វើឡើងនៅក្នុងវគ្គបំប៉នជំនាញ ស្តីពីឯកទេសត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលមានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការរដ្ឋាននគរបាលជាតិ ដោយមានមន្រ្តីនគរចរាចរណ៍មកពីតាមស្នងការដ្ឋានទូទាំងប្រទេស ប្រមាណជិត១០០នាក់ចូលរួម ក្រោមកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងយានដ្ឋានជួសជុលរថយន្ត «លេង ឡាន» ។

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានលើកឡើងថា នាពេលបច្ចុប្បន្ននៅតែមានមន្រ្តីនគរបាលចរាចរណ៍ខ្លះ នៅតែបន្តធ្វើការផាកពិន័យប្រជាពលរដ្ឋហួសហេតុ និងគ្មានវិជ្ជាជីវៈជានគរបាល ហើយថែមទាំងប្រើសម្តីមិនគប្បីដាក់ពួកគេជាដើម។

លោកឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា «យើងគប្បីដល់ពេលដែលយើងធ្វើការផាកពិន័យឲ្យបានត្រឹមត្រូវហើយ កុំធ្វើបាបតែអ្នកក្រ ហើយខ្លាចឡានទំនើប និងឡានអ្នកធំអ្វីជាដើមនោះ»។ មេប៉ូលិសចរាចរណ៍រូបនេះបានបន្តថា នៅតាមស្តុបនីមួយៗមានមន្រ្តីនគរបាលខ្លះ ធ្វើការផាកពិន័យគេមិនត្រឹមត្រូវ ហើយមន្រ្តីនគរបាលខ្លះ ក៏នៅតែយកលុយពីឡានធំៗដឹកទំនិញបន្តិចបន្តួចផងដែរនៅតាមស្តុប និងតាមផ្លូវកែងមួយចំនួនដដែល កត្តានេះ គឺធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងខុសវិជ្ជាជីវៈជានគរបាលផងដែរ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក ក៏បានលើកឡើងផងដែរថា «ក្នុងនាមយើងជានគរបាលអនុវត្តន៍ យើងត្រូវតែយល់ដឹងអំពីច្បាប់ឲ្យបានច្រើន និងច្បាស់លាស់មិនត្រូវធ្វើអ្វីលើសច្បាប់កំណត់នោះទេ ហើយក៏ត្រូវតែប្រើពាក្យសម្តី ឲ្យបានសមរម្យផងដែរ»។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នោះ ស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងយានដ្ឋានជួសជុលរថយន្ត «លេង ឡាន» ផ្សព្វផ្សាយអំពីលក្ខណៈបច្ចេកទេសយានយន្ត ក្នុងការបំពាក់ភ្លើងបំភ្លឺឲ្យត្រឹមត្រូវផងដែរ៕

ដកស្រង់ពី៖FRESH NEWS