បណ្តាញសង្គម

ប្រជាពលរដ្ឋ ១៦៨គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

(ឧត្តរមានជ័យ)៖ នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ១៦៨ គ្រួសារ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី៥ ខែមីនា កន្លងទៅនេះ ក្នុងស្រុកចុងកាល់ និងក្រុងសំរោង នៃខេត្តឧត្តរមានជ័យ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការចូលរួមសោកស្តាយ និងការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធាន ព្រមទាំងបានលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ដល់ប្រជាពលរដ្ឋរងគ្រោះដែលមកទទួលអំណោយ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ជាពិសេសត្រូវជៀសវាងការប្រើប្រាស់ផលិតផលដែលមានជាតិគីមី។

មួយវិញទៀត ត្រូវចេះស្រឡាញ់រាប់អានយកអាសាគ្នាទៅវិញទៅមក និងជៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សាកើតឡើង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីបង្ការពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង។ បន្ថែមពីលើនេះទៀត សូមបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះមហន្តរាយផ្សេងៗ ដូចជា អគ្គីភ័យ និងខ្យល់កន្ត្រាក់ ជាដើម។ល។

ប្រជាពលរដ្ឋដែលមកទទួលផលបានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាលតែងយកព្រះទ័យ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន។ ដោយឡែកសម្រាប់គ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរទទួលបានតង់កៅស៊ូចំនួន១ បន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី អគ្គលេខាធិការ ក៏បានចុះសួរសុខទុក្ខចាស់ជរាចំនួន៤នាក់ ដែលរស់នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ដោយបានផ្ដល់ជូនពួកគាត់ក្នុងម្នាក់ៗទទួលបាន អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួនផងដែរ ៕

ដកស្រង់ពី៖FRESH NEWS