បណ្តាញសង្គម

នគរបាលខេត្តកណ្ដាល បង្ហាញមុខឃាតកសម្លាប់ស្ដ្រីញាត់ចូលក្នុងធុងទឹកកក និងក្រុមជនដៃដល់សម្លាប់បុរសម្នាក់ នៅស្រុកកោះធំ រួចបញ្ជូនទៅតុលាការ

(កណ្ដាល)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ នគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខ ក្រុមឃាតក២ករណីផ្សេងគ្នា ដោយមួយឃាតកសម្លាប់ស្ដ្រីរួចញាត់ចូលក្នុងធុងទឹកកក រួចយកទៅទម្លាក់ចោលនៅម្ដុំស្ពានព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល និងមួយទៀត ក្រុមឃាតកដែលសម្លាប់បុរសម្នាក់ នៅស្រុកកោះធំ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយពីបញ្ចប់សន្និសីទសារព័ត៌មាននៅព្រឹកនេះ ឃាតកទាំង២ករណីនេះ នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។ ក្នុងសន្និសីទខាងលើនេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានរៀបរាប់យ៉ាងលម្អិតពីដំណើររឿងហេតុ ជុំវិញករណីឃាតកម្ម សម្លាប់ស្ដ្រីរួចញាត់ចូលក្នុងធុងទឹកកក និងករណីក្រុមក្មេងស្ទាវសម្លាប់បុរសម្នាក់ នៅស្រុកកោះធំផងដែរ។

(សូមទស្សនាវីដេអូខាងក្រោម) សូមបញ្ជាក់ថា ជនសង្ស័យដែលជាឃាតកសម្លាប់ស្ដ្រីម្នាក់ ដោយកាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ រួចយកទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្លាស្សេក្នុងធុងទឹកកក ឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ករណីឃាតកម្មនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

ដោយឡែក ករណីឃាតកម្មសម្លាប់បុរសម្នាក់ នៅស្រុកកោះធំ ខេត្តកណ្ដាល កម្លាំងនគរបាលចាប់បានក្រុមដៃដល់០៦នាក់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ខណៈបក្ខពួក០៣នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចក៏កំពុងតាមប្រមាញ់ដូចគ្នា។

សូមរំលឹកថា បុរសម្នាក់ត្រូវបានឃាតកដៃឆៅលើដៃប្រហារ ដោយយកកាំបិតកាប់ចំកញ្ចឹងក ពេលកំពុងជិះម៉ូតូតាមផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមតែម្ដង នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ២១ ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល៕

ដកស្រង់ពី៖FRESH NEWS