បណ្តាញសង្គម

អាជ្ញាធរបន្តប្រើវិធានការក្ដៅ បង្ក្រាបទីតាំងបាញ់ហ្គេម និងភ្នាល់បាល់តាមប្រព័ន្ធ Internet នៅមូលដ្ឋានខណ្ឌឬស្សីកែវ, ដកហូតហ្គេមបាញ់ត្រី៣គ្រឿង និងបិទទីតាំងភ្នាល់ចាក់បាល់១កន្លែង

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការដឹកនាំកម្លាំង ចម្រុះផ្ទាល់ពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានចុះធ្វើការត្រួតពិនិត្យប្រើវិធានការក្ដៅ រហូតឈានដល់ការឆែកឆេរប្រកាសបិទទីតាំងអាជីវកម្ម «Internet» ភ្នាល់ចាក់បាល់តាមតាមប្រព័ន្ធ (OnIine) ១កន្លែងយីហោ «MM Net» ព្រមទាំងឆ្មក់បង្ក្រាបចាប់ល្បែង៣ទីតាំងផ្សេងទៀត ដកហូតបានហ្គេមបាញ់ត្រី ចំនួន៣គ្រឿងផងដែរ ស្ថិតនៅត្រង់ចំណុចទល់មុខរោងចក្រ អគ្គិសនីកម្ពុជាទី៥-ទី៦ នៅតាមបណ្ដោយផ្លូវលេខ៦៨ ខាងក្រោយ និងខាងជើងផ្សារតូចទួលសង្កែ ក្នុងភូមិចុងខ្សាច់ និងនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

ប្រតិបត្តិការក្ដៅក្នុងការបង្ក្រាបល្បែងខាងលើនេះ លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងមានការចេញផ្សាយ មួយចំនួន ពីបណ្ដាញសារព័ត៌មានទៅលើល្បែងស៊ីសង ទើបបន្តបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដោយធ្វើការកំណត់នូវទីតាំង និងពេលវេលានៃការ ប្រប្រត្តបទល្មើសរហូតឈាន ដល់ចាត់វិធានការលបឆ្មក់បង្ក្រាបនូវទីតាំងអាជីវកម្ម «Internet» ភ្នាល់ចាក់បាល់តាមតាមប្រព័ន្ធ (OnIine) ១កន្លែងយីហោ «MM Net» តែជាជាលទ្ធផល ពុំមានអ្នកលេង និងបានឆែកគ្រប់កុំព្យូទ័ររកពុំឃើញមានវេបសាយទាក់ទងនឹងល្បែងភ្នាល់អ្វីឡើយ សង្ស័យម្ចាស់ទីតាំងដឹងខ្លួនមុន «ពោលគឺមានរនុកក្នុងចាំរាយការណ៍ប្រាប់ម្ចាស់ទីតាំង»។

លោកបន្តថា ដោយការត្រួតពិនិត្យរាល់លើឯកសារពាក់ព័ន្ធទាំងឡាយពុំគ្រប់គ្រាន់ ក៏សម្រេចប្រកាសបិទទីតាំងអាជីវកម្ម «Internet» ភ្នាល់ចាក់បាល់តាមតាមប្រព័ន្ធ (OnIine) យីហោ «MM Net» ជាបណ្តោះអាសន្នសិន ដោយតម្រូវឲ្យម្ចាស់ទីតាំងបំពេញបែបបទឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឲ្យបន្តបើកអាជីវកម្មឡើងវិញ។

អភិបាលរងខណ្ឌដដែល បានបញ្ជាក់ទៀតថា នៅរសៀលថ្ងៃខែឆ្នាំដដែលនេះ ក្រុមការងារមន្ត្រីចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកេវ បានបន្តប្រតិបត្តិការលបឆ្មក់បង្ក្រាប ចាប់ល្បែង៣ទីតាំងផ្សេងទៀត ដកហូតបានហ្គេមបាញ់ត្រី ចំនួន៣គ្រឿងផងដែរ ដើម្បីយកមករក្សាទុកនៅសាលាខណ្ឌ រងចាំការវាយកម្ទេចដុតចោល។

គួររំឭកថា លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ កន្លងមកធ្លាប់បានថ្លែងបញ្ជាក់ផងដែរថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ សូមឲ្យអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ និងមានវិធានការបន្តតាមដាន ខ្លាំមើលបើក្នុងករណីឃើញមានទីតាំងកំពុង ប្រព្រឹត្តអំពីល្បែងស៊ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីបង្ក្រាបទាន់ពេលវេលា ឲ្យស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថភាពថ្មី ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមូលដ្ឋានទទួលបានការអភិវឌ្ឍន៍ និងកាត់បន្ថយអំពើរ ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីទីតាំងបនល្បែងស៊ីសងទាំងនោះ៕

ដកស្រង់ពី៖FRESH NEWS