បណ្តាញសង្គម

ដោយសារតែជីវភាព! ឪពុក និងកូន ចេញនេសាទខណៈមេឃកំពង់ភ្លៀង ត្រូវរន្ទះបាញ់ស្លាប់ទាំង២នាក់ នៅខេត្តកោះកុង

(កោះកុង)៖ ឪពុក និងកូន បានចេញធ្វើនេសាទ ខណៈពេលមេឃកំពង់ភ្លៀង ត្រូវបានរន្ទះបាញ់ផ្តាច់ជីវិតស្លាប់ទាំង២នាក់ នាវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះពិ ស្រុកកោះកុង ខេត្តកោះកុង។

លោក សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងថា ឪពុក និងកូន ដែលត្រូវរន្ទះបាញ់ស្លាប់នោះ មានឈ្មោះ ទី១៖ ឈ្មោះ ទួន ភាព អាយុ៤៦ឆ្នាំ មានមុខរបបធ្វើនេសាទ, ទី២៖ ឈ្មោះ ទួន សុភ័ណ្ឌ ភេទប្រុស អាយុ១៦ឆ្នាំ ឪពុក-កូន ទាំង២នេះ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

លោកស្នងការ បានបញ្ជាក់ថា មុនកើតហេតុជន រងគ្រោះទាំង២នាក់ ឪពុក-កូន បានចេញធ្វើនេសាទ តាមដងព្រែកដូចសព្វដង ដល់ម៉ោងកើតហេតុមានភ្លៀងធ្លាក់ ខ្យងផ្គររន្ទះយ៉ាងខ្លាំង ពេលនោះ គាត់និងកូនប្រុស បានរៀបចំវិលត្រឡប់មកផ្ទះវិញ តែអកុសល ក៏ត្រូវរន្ទះបាញ់ស្លាប់ទាំង២នាក់ម្តងទៅ។

លោកស្នងការ ក៏សូមអំពាវនាវ ដល់បងប្អូនឲ្យមានការប្រុងប្រយ័ត្នឲ្យខ្ពស់ នៅពេលមានអាកាសធាតុមិនល្អ កុំចេញធ្វើនេសាទឲ្យសោះ ព្រោះគ្រោះមិនអាចមើលឃើញឡើយ។ ហើយ សូមបងប្អូនតាមដ្ឋានព័ត៌មាន របស់ក្រសួងធនធានទឹក និងឧត្តុនិយម ដែលចេញផ្សាយរាល់ថ្ងៃ ដើម្បីជូនដំណឹងដល់បងប្អូនជាប់ជានិច្ច៕

ដកស្រង់ពី៖FRESH NEWS