បណ្តាញសង្គម

តុលាការចេញដីកាឃុំខ្លួនស្ត្រីម្នាក់ ដែលដាក់ថ្នាំប៉ងសម្លាប់ប្តី ប្រុងរត់តាមប្រុសថ្មី

(ភ្នំពេញ)៖ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ លោក យិន សារឿន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកា បង្គាប់ឱ្យឃុំខ្លួនស្ត្រីម្នាក់ ជាបណ្តោះអាសន្ន ពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្មដាក់ថ្នាំបំពុលសម្លាប់ប្តីដើម។

យោងតាមប្រភពដដែល បានបញ្ជាក់បន្ថែមថា លោក ស៊ឺ មុនីរ័ត្ន ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ម៉េត ជិន ភេទស្រី អាយុ៣៨ឆ្នាំ ទីលំនៅផ្ទះជួលលេខ១៦ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ រកស៊ីលក់ដូរ ពីបទ ប៉ុនប៉ងឃាតកម្ម ដោយប្រើថ្នាំពុល និងបោះបង់អនីតិជន លើប្តីឈ្មោះ ស៊ឹម ស៊ុយ ភេទប្រុស អាយុ៤០ឆ្នាំ យោងតាមមាត្រា ២៧ មាត្រា២០១ និងមាត្រា ៣២១ នៃក្រមព្រហ្មទណ្ឌ ។

គួររំលឹកថា សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនជនត្រូវចោទខាងលើកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ក្រោយពីសមត្ថកិច្ចទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ជាប្តីថាជនត្រូវចោទជាប្រពន្ធ បានដាក់ថ្នាំពុលប៉ុនប៉ងសម្លាប់ និងបានលួចលុយរត់គេចខ្លួនទៅតាមប្រុសថ្មី ជាអ្នកបើកបររថយន្តដឹកកម្មករកាត់ដេរ៕

ដកស្រង់ពី៖FRESH NEWS