បណ្តាញសង្គម

ជនសង្ស័យករណីចាប់រំលោភកូនស្រី ម្ចាស់ផ្ទះសំណាក់ «ហូលីដេ» កំពុងស្ថិតក្នុងចំណាត់ការនីតិវិធីរបស់តំណាងអយ្យការ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានបញ្ជូនខ្លួនបុគ្គលិកផ្ទះសំណាក់ «ហូលីដេ» ម្នាក់ដែលជាប់ចោទថា បានរំលោភកូន ម្ចាស់ផ្ទះសំណាក់ «ហូលីដេ» ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សំណុំរឿងនេះ ស្ថិតក្នុងចំណាត់ការរបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើការសាកសួរ ដើម្បីសន្និដ្ឋានលើបទចោទ មុននឹងបន្តបញ្ជូនសំណុំ រឿងនេះទៅចៅក្រមស៊ើបសួរ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យក្នុងករណីនេះ មានឈ្មោះ ផល ណាផា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរជាអ្នកគិតលុយក្នុងផ្ទះសំណាក់ «ហូលីដេ» ស្នាក់នៅបន្ទប់លេខ១A ជាន់ផ្ទាល់ដី ក្នុងផ្ទះសំណាក់កើតហេតុ និងមានស្រុកកំណើត ភូមិកំពង់លាវ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

ចំណែកនារីរងគ្រោះមានឈ្មោះ (ល.ស.ដ.ន) អាយុ១៥ឆ្នាំ ត្រូវជាកូនម្ចាស់ផ្ទះសំណាក់យីហោ «ហូលីដេ» ។ គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ កូនស្រីបង្កើតម្ចាស់ផ្ទះសំណាក់ «ហូលីដេ» ត្រូវបុគ្គលិករបស់ខ្លួន ចាប់រំលោភបានសម្រេចចំនួនមួយលើក ពេលដែលឪពុកម្តាយមិននៅផ្ទះ បានរយៈពេល២ថ្ងៃ ទើបបែកការទើបឪពុកនារីរងគ្រោះ ចាប់ជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

តាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុកន្លងមកនាងតែងតែដើរទៅគាស់បន្ទប់ ជនសង្ស័យដើម្បីសុំខ្ចីទូរស័ព្ទដៃ របស់គាត់មកលេងហ្គេម លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ រូបនាងបានដើរទៅខ្ចីទូរស័ព្ទ ពីជនសង្ស័យម្តងទៀត ដោយថ្ងៃនោះឪពុកម្តាយរបស់នាងមិននៅផ្ទះទេ គឺទៅខេត្តបាត់ដំបង។

នាងក៏ដើរ ទៅគោះទ្វារបន្ទប់ ជនសង្ស័យក្នុងបំណងខ្ចីទូរស័ព្ទ មកលេងហ្គេមដូចលើកមុនពេលនោះ ស្រាប់តែជនសង្ស័យបានទាញដៃនាងចូលទៅក្នុងបន្ទបរបស់គេ ហើយបានធ្វើសកម្មភាពចាប់ស្រាតខោរអាវនាង រួចរំលោភរហូតបានសម្រេចចំនួន១លើក៕

ដកស្រង់ពី៖FRESH NEWS