បណ្តាញសង្គម

ពលការនីខ្មែរឥស្លាមម្នាក់ទៀតហើយ ដែលចាញ់បោកក្រុមហ៊ុននាំចេញពលករខុសច្បាប់ ធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវ​រដ្ឋាភិបាលកម្ពុជា ជួយមកមាតុភូមិវិញ

(ភ្នំពេញ)៖ ពលការនីខ្មែរឥស្លាមម្នាក់ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរដ្ឋាភិបាលកម្ពុជាជួយមកមាតុភូមិវិញ នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលពលការិនីរងគ្រោះដោយសារចាញ់បោកមេខ្យល់ជាអ្នកជិតខាង បានឃុបឃិតជាមួយក្រុមហ៊ុនអនាមឹកនៅវៀតណាម នាំទៅធ្វើការជាស្ត្រីមេផ្ទះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានវិលមកដល់មាតុភូមិវិញ យ៉ាងមានសុវត្ថិភាពបំផុត ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជា ប្រចាំរដ្ឋអរហ្ស៊ីប និងប្រចាំរដ្ឋគុយវ៉ែត រួមជាមួយកិច្ចសហការជ្រោមជ្រែងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ពលការិនីរងគ្រោះ ឈ្មោះ ម៉ាន គីរ៉ស់ អាយុ២៨ឆ្នាំ រស់នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ ស្ត្រីរងគ្រោះឲ្យដឹងថា នាងបានចាញ់ការលួងលោមពី មេខ្យល់ប្ដីប្រពន្ធមួយគូរ ដែលត្រូវជាបងប្អូនផងនោះ ឲ្យទៅធ្វើការនៅប្រទេសអារ៉ាប់ តាមរយៈក្រុមហ៊ុននៅវៀតណាមមួយដែលមិនចាំឈ្មោះ។

នាងបន្តថា ធ្វើការបាន១ឆ្នាំជាង ម្ចាស់ផ្ទះចាប់ផ្ដើមរករឿងនាងមិនផ្ដល់ប្រាក់ខែនោះទេ នាងក៏សួរជាច្រើនលើកច្រើនសារ ហើយមើលទៅលើស្ថានភាពមិនស្រួល នាងសុំមកក្រុមហ៊ុនវិញ ប៉ុន្តែបែជាម្ចាស់ផ្ទះហែកចោលលិខិតឆ្លងដែន និងឯកសារនានាផ្សេងទៀត។

ក្រុមហ៊ុនអនាមិកខាងលើ ដែលមិនមានប្រភពច្បាស់លាស់នៅប្រទេសវៀតណាម បានបោកប្រាស់នាងបន្តទៀត ដោយនាំទៅធ្វើការនៅផ្ទះផ្សេង ទៅព្រឹកវិលល្ងាច រយៈពេល៤ខែ ដោយមិនមានកម្រៃអ្វីសោះ នាងក៏សម្រេចស្វែងរកជំនួយតាមរយៈស្ថានទូតថៃ ស្ថានទូតវៀតណាម ប៉ុន្តែគេមិនអើពើនាងក៏សម្រេចទៅ ស្ថានទូតគូវែត ជាសំណាងល្អស្ថានទូតគូវែត ក៏បានយកដំណឹងនេះទៅកាន់រាជទូតខ្មែរនៅប្រទេសអេហ្ស៊ីប ដែលមានលោក ស្មាន ម៉ាណាន ជារាជទូត។

ពេលទទួលដំណឹងភ្លាម លោកអគ្គរាជទូតខ្មែរ ក៏បានទាក់ទងមកសិស្សខ្មែរឥស្លាម ដែលកំពុងរៀននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យមកជួយសព្វគ្រប់បែបយ៉ាង ដើម្បីបញ្ចូនស្ត្រីរងគ្រោះមកដល់កម្ពុជាវិញ។ ជាជោគជ័យស្ត្រីរងគ្រោះ បានមកដល់កម្ពុជាវិញ នៅវេលាជិតម៉ោង១០យប់ ដោយសុវត្ថិភាពបំផុត ហើយនាងត្រូវបានក្រុមការងារឧកញ្ញ៉ា អូស្មាន ហាស្សាន់ នាំទៅសំរាក និងរៀបចំបញ្ចូនទៅស្រុកកំណើតវិញ នាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ចាក់ថា ស្ត្រីរងគ្រោះនេះទៅធ្វើការតាមរយៈក្រុមហ៊ុននៅប្រទេសវៀតណាម តាមរយៈមេខ្យល់ប្ដីប្រពន្ធមួយគូរ ដូច្នេះនេះជាការទៅធ្វើការដោយខុសច្បាប់។ យ៉ាងនេះក្ដី ស្រ្តីរងគ្រោះមិនបានបង្ហាញអារម្មណ៍ចង់ប្ដឹង ផ្ដល់អ្នកណានោះទេ ហើយថ្លែងអំណរគុណដល់ឧកញ្ញ៉ា អូស្មាន ហាស្សាន់ និងសហការីទាំងអស់ ដែលបានខ្នះខ្នែងជួយនាងឲ្យបានមកដល់មាតុប្រទេសវិញ ដោយសុវត្ថិភាព។

ស្ដ្រីរងគ្រោះផ្ដាំផ្ញើដល់ពលរដ្ឋទាំងអស់ បើចង់ធ្វើការនៅបរទេស សូមទៅតាមរយៈក្រុមហ៊ុនស្របច្បាប់ និងមានលក្ខខណ្ឌការងារល្អ ខ្លាចជួបវាសនាមិនល្អដូចជានាង។ គួររំលឹកថា នេះជាលើកទី៣ហើយ ដែលឧកញ្ញ៉ា អូស្មាន ហាស្សាន់ បានជួយសង្រ្គោះនារីរងគ្រោះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត វិលមកកម្ពុជាវិញដោយសុវត្ថិភាព៕

ដកស្រង់ពី៖FRESH NEWS