បណ្តាញសង្គម

ចាប់បញ្ជូនជនជាតិវៀតណាម១០នាក់ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ក្រោយឃាត់ខ្លួន នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើ

(មណ្ឌលគិរី)៖ កម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរី បានធ្វើការចាប់បញ្ជូនជនជាតិវៀតណាមចំនួន១០នាក់ ប្រគល់ទៅឲ្យភាគីវៀតណាម តាមប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្ដរជាតិអូរយ៉ាដាវ ដើម្បីដោះស្រាយបន្ដ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ក្រោយឃាត់ខ្លួន នៅក្នុងភូមិសាស្ដ្រភូមិភិលើ ឃុំសេសាន្ដ ស្រុកអូរយ៉ាវដាវ ខេត្តរតនគិរី ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។

យោងតាមរបាយការណ៍របស់ស្នងការខេត្ត បានឲ្យដឹងថា នារសៀលថ្ងៃទី០១ ខែមេសា កម្លាំងសមត្ថកិច្ចខេត្ដ បានចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន នៅក្នុងភូមិសាស្ដ្រខាងលើ ក៏បានជួបប្រទះ និងធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម១០នាក់ រួមនិងគោយន្ដកែឆ្នៃ០៣គ្រឿង កំពុងធ្វើសកម្មភាពលួចឆ្លងដែន ក្នុងបំណងលួចមកប្រព្រឹតិ្ដ បទល្មើសព្រៃឈើ ក្នុងទឹកដីកម្ពុជា។

លោកឧត្ដមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរងទទួលផែនអន្ដោប្រវេសន៍ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះថា ជនជាតិវៀតណាមទាំង១០នាក់នេះ មានទីលំនៅបច្ចុប្បន្នភូមិប៊ី ឃុំយ៉ាតម ស្រុកដាក់កឺ ខេត្ដយ៉ាឡាយ ប្រទេសវៀតណាម។

ពាក់ព័ន្ធករណីខាងលើនេះ ដោយផ្អែកតាមការណែនាំរបស់លោកស្នងការនគរបាលខេត្ត និងមានការឯកភាព ពីលោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្ដរតនគិរី។ ស្នងការរងទទួលផែនអន្ដោប្រវេសន៍ បានបន្ដទៀតថា ការិយាល័យជំនាញអន្ដោប្រវេសន៍ បានទទួលយកជនជាតិវៀតណាមទាំង១០នាក់ ដើម្បីបំពេញបែបបទ ចាប់បញ្ជូនចេញប្រគល់ទៅ ឲ្យភាគីវៀតណាម តាមប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្ដរជាតិអូរយ៉ាដាវ ដោះស្រាយបន្ដ៕

ដកស្រង់ពី៖FRESH NEWS