បណ្តាញសង្គម

ព្រឹកថ្ងៃនេះ ព្រះរាជអាជ្ញាបន្តការសាកសួរលោក ​ឡាយ​ វណ្ណៈ​ និងជនសង្ស័យ៥នាក់ទៀត លើករណីឃាតកម្មដ៏អាថ៌កំបាំងស្រ្តីឈ្មោះ​ ចេវ​ សុវឌ្ឍនា

(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ព្រះរាជអាជ្ញារង សៀង សុខ ចាប់ផ្តើមបន្តការសាកសួរលោក ឡាយ វណ្ណៈ និងជនសង្ស័យ៥នាក់ទៀត លើករណីឃាតកម្មដ៏អាថ៌កំបាំងស្រ្តីឈ្មោះ ចេវ សុវឌ្ឍនា នៅក្រុងដូនកែវ ខេត្តតាកែវ។

លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយ ប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្សខេត្ត កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨។

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ក្រោយពិធីបញ្ចប់តំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ សមត្ថកិច្ចមានគ្នា៤ទៅ៥រថយន្ត បានឃាត់រថយន្តរបស់លោក ឡាយ វណ្ណៈ ដោយសមត្ថកិច្ចបានបង្ហាញដីកាបញ្ជាឱ្យចូលខ្លួន របស់លោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយបាននាំលោក ឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ច នាំមកទៅកាន់រាជធានីភ្នំពេញ។

សរុបជនសង្ស័យទាំង៦នាក់ ពាក់ព័ន្ធករណីឃាតកម្មដ៏អាថ៌កំបាំងលើស្រ្តីឈ្មោះ ចេវ សុវឌ្ឍនា រួមមាន៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ឈ្មោះ ចាន់ រី ភេទស្រី និងប្តីឈ្មោះ ជឹម វុធ ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា, ឈ្មោះ មេន សម័យ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ។ ករណីឃាតកម្មសម្លាប់ស្ត្រីស្រស់សោភាម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ៕

ដកស្រង់ពី៖FRESH NEWS