បណ្តាញសង្គម

ឈាមស្រែកស្បែកហៅ! ប្តីសម្លាប់ប្រពន្ធខ្លួនឯងនៅក្រុងប៉ោយប៉ែត រត់គេចខ្លួនបានមួយរយៈពេលខ្លី​ ពេលនេះត្រូវកម្លាំងនគរបាលតាមចាប់បាន

(បន្ទាយមានជ័យ)៖ នគរបាលក្រុងប៉ោយប៉ែត បាននាំខ្លួនឃាតកសម្លាប់ប្រពន្ធខ្លួនឯង មកធ្វើត្រាប់ពីសកម្មភាពរបស់ខ្លួន នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ក្រោយចាប់បានរួចមក។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត បានថ្លែងប្រាប់ភ្នាក់ព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៤ ខែមេសានេះថា ក្រោយពីមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង និងបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត លើសំណុំករណីឃាតកម្ម ដែលកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨កន្លងមកនេះ នៅពេលនេះជនដៃដល់ត្រូវបានកម្លាំងនគរបាលរបស់លោក តាមចាប់បានហើយ។

លោកអធិការបន្តថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ស្រី កា អាយុ២៥ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើ ឆ្លងតាមការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសពមានស្លាកស្នាមដូចខាងក្រោម៖ មានស្នាមរយៈក្បាល២កន្លែង, ស្នាមភ្នែកជាំទាំង និងស្នាមជាំពេញដងខ្លួន។

ម្តាយក្មេក និងបងប្អូនរបស់សពបានបំភ្លឺថា ជនសង្ស័យជាប្តីរងគ្រោះឈ្មោះ បឿន សំប៊ុស អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិថ្មគោល ឃុំតាម៉ឺន ស្រុកបាត់ដំបង ខេត្តបាត់ដំបង ដែលបុរសជាប្តីនេះ ជាមនុស្សញៀនថ្នាំ ហើយប្តីតែងតែប្រើអំពើហិង្សាលើប្រពន្ធជារឿយៗផងដែរ។ លោកអធិការបន្ថែមថា ជនសង្ស័យឈ្មោះ បឿន សំប៊ុស ជាមនុស្សញៀនថ្នាំ តែងតែវាយធ្វើបាបប្រពន្ធ ឲ្យរបួសធ្ងន់ធ្ងរ រហូតដល់ស្លាប់ពិតប្រាកដមែន។

លុះនៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ កាលពីម្សិលមិញនេះ កម្លាំងមូលដ្ឋានស្រុកថ្មគោល បានឃើញអត្តសញ្ញាណជនសង្ស័យខាងលើ ក៏បានធ្វើការឃាត់ខ្លួនរួចបញ្ជូន មកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

បន្ទាប់ពីការធ្វើត្រាប់ពីសកម្មភាពផ្ទាល់រួចមក ជនសង្ស័យបានសារភាព ថាខ្លួនពិតជាបានសម្លាប់ប្រពន្ធពិតប្រាកដមែន។ បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS