បណ្តាញសង្គម

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៤ ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់៣៤២គ្រឿង និងផាកពិន័យ១៨០គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៥៨២គ្រឿង

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៣៧២គ្រឿង រកឃើញល្មើសច្បាប់៣៤២គ្រឿង (ម៉ូតូ៥៥ភាគរយ) អប់រំ១៦២គ្រឿង និងផាកពិន័យ១៨០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៤ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន១,១៣៧គ្រឿង អប់រំ៨៨គ្រឿង និងផាកពិន័យចំនួន៧៤គ្រឿង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៥៨២គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០,២០៧គ្រឿង រកឃើញយានយន្តល្មើស ១,៥៦២(ម៉ូតូ៥៤ភាគរយ) ក្នុងនោះអប់រំ៨៦១គ្រឿង និងផាកពិន័យ៧០១គ្រឿង៕

ដកស្រង់ពី៖FRESH NEWS