បណ្តាញសង្គម

ជុងមិនដែលភ្លេចកុក! ជនប្រព្រឹត្តបទល្មើសគ្រឿងញៀន កាលពីឆ្នាំ២០១៤ ត្រូវ​​កម្លាំងនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនបាន នៅស្រុកមុខកំពូល

(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ពាក់ព័ន្ធករណីគ្រឿងញៀន ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១៤។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើង ដោយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោង១ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្តាល។

បើតាមលោកឧត្តមសេនីយ៍ស្នងការ បានចាប់ខ្លួននេះ ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ៣២៦ ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ចេញដោយលោក ប៉ុក សុវណ្ណមុន្នី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឲ្យនាំខ្លួនឈ្មោះ ឆន ឆូយ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិល្វាក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុះរឿងបញ្ជូនទៅតុលាការ ចាត់ការបន្ដតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS