បណ្តាញសង្គម

ជនតិរច្ឆាន២នាក់ លួចក្របីអ្នកភូមិកាប់ទាំងរស់យកសាច់លក់ តែត្រូវនគរបាលក្រុងខេមរភូមិន្ទ ក្របួចជាប់វាយខ្នោះ

(កោះកុង)៖ ដោយសារចាយលុយអស់កាលពីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ជនសង្ស័យ២នាក់ បានផ្សំគំនិតគ្នាលួចក្របីអ្នកភូមិសម្លាប់ទាំងរស់ ដើម្បីកាប់យកសាច់លក់ ប៉ុន្តែគម្រោងការដ៏អាក្រក់នេះ មិនបានសម្រេចឡើយ ព្រោះត្រូវកម្លាំងនគរបាលក្រុងខេមរភូមិន្ទ ក្របួចឃាត់ខ្លួនទាន់ ខណៈជនតិរច្ឆានទាំង២នាក់នេះ កំពុងចាក់កក្របីដែលខ្លួនបានលួចនោះ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៤៨ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោក ហេង លាង អធិការក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋម្ចាស់ក្របីថា គាត់បានបាត់ក្របី១ក្បាល កាលពីយប់មិញ លោកក៏ចាត់កម្លាំងតាមរកទាំងយប់ ដើម្បីស្វែងរកជនសង្ស័យ និងសត្វក្របី រហូតដល់ប្រទះឃើញទាំងក្របី និងជនសង្ស័យដែលកំពុងចាក់កក្របីក្រោយភូមិ។ លោកអធិការបានបន្តថា ម្ចាស់ក្របីខាងលើមានឈ្មោះ ស៊ឹម កុលាប មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ចំណែកជនសង្ស័យមានគ្នា ២នាក់ តែរត់រួចម្នាក់ មានម្នាក់ឈ្មោះ ហង់ វិជ្ជរា អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

រីឯជនសង្ស័យដែលរត់គេចខ្លួននោះ មានឈ្មោះ រ៉ា អាយុប្រហាក់ប្រហែលគ្នា។ លោកស្រី ស៊ឹម កុលាប ម្ចាស់ក្របីបាននិយាយប្រាប់ថា ក្របីរបស់គាត់មានចំនួន ១១ក្បាល ពេលយប់គាត់ចងក្នុងក្រោលជាធម្មតា ដល់ពេលជិតភ្លឺគាត់បានចុះមកមើលក្របីហើយរាប់ដូចសព្វដង ស្រាប់តែឃើញតែ ១០ក្បាល គាត់ដើររកអស់មួយអន្លើ តែមិនមិនឃើញទាល់តែសោះ ក៏រត់មកប្តឹងសមត្ថកិច្ចតែម្ដង។

ពាក់ព័ន្ធនឹងករណីនេះ ក៏មានលោកអុំម្នាក់ដែលមានក្របីដែរ គាត់បាននិយាយថា ក្របីគាត់បាត់អស់២ក្បាលដែរ កាលពីប៉ុន្មានខែមុន ហើយរកមិនឃើញសោះ ដល់ពេលឃើញៗតែឆ្អឹង ស្បែក និងក្បាលនៅក្នុងព្រៃ។

បច្ចុប្បន្ន កម្លាំងនគរបាលក្រុងខេមរភូមិន្ទ កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ចំណែកសត្វក្របីខាងលើ កម្លាំងសមត្ថកិច្ចបានប្រគល់ទៅឲ្យម្ចាស់វិញ៕

ដកស្រង់ពី៖FRESH NEWS