បណ្តាញសង្គម

ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់

(ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបណ្ដាលឲ្យម៉ូតូ មួយគ្រឿងទៀតជិះមកបុកពេញមួយទំហឹង បណ្ដាលស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរសរងគ្រោះដែលស្លាប់មានឈ្មោះ សៀង មករា អាយុ២៨ឆ្នាំ មុខរបរសិស្សសាលាកសិកម្មព្រែកលៀប ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិទី១ ឃុំរកាខ្នោ ស្រុកក្រូចឆ្មា ខេត្ដត្បូងឃ្មុំ។

ចំណែកឯជនរងគ្រោះម្ខាងទៀត មិនត្រូវបានស្គាល់អត្តសញ្ញានោះឡើយ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូ មួយគ្រឿង ម៉ាក Honda Dream C125 ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1J-5893 បើកបរតែម្នាក់ឯង ដោយជិះក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូជនរងគ្រោះបានបត់ឆ្វេងដៃ ភ្លាមៗនោះស្រាប់មានម៉ូតូ មួយគ្រឿងទៀតម៉ាក Honda Dream C125 ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AV-5693 បើកបរតែម្នាក់ឯងដូចគ្នា ដោយជិះក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿនជាន់ហ្វាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងបត់ឆ្លងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ រឺឯភាគីម្ខាងទៀតត្រូវរថយន្ដសាម៉ុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ដកស្រង់ពី៖FRESH NEWS