បណ្តាញសង្គម

កម្លាំងសមត្ថកិច្ចចុះបង្ក្រាប ការផលិតភេសជ្ជៈខុសច្បាប់ នៅរោងចក្រមួយកន្លែង ក្នុងខេត្តកណ្ដាល

(កណ្តាល)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានខេត្តកណ្តាល បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំងមួយកន្លែង មានយីហោ b-smart ក្រោយសង្ស័យផលិតភេសជ្ជៈពុំអនុលោមត្រឹមត្រូវតាមច្បាប់។

ប្រតិបត្តិការក្ដៅនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។

រោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំងមួយកន្លែង មានយីហោ b-smart នេះ មានទីតាំងស្ថិតនៅភូមិទី៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ ក្រោយកាត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញភេសជ្ជៈ b-smart ដូចជា green tea, honey strawberry, energy drink បៃតង, energy drink ខៀវ ដែលផលិតពុំបានអនុលោមត្រឹមត្រូវតាមការចុះបញ្ជី ច.ប.ផ នៅវិទ្យាស្ថានស្តង់ដារកម្ពុជានោះទ្បើយ ព្រមជាមួយទីតាំងពុំបានរៀបចំតាមបទដ្ឋានត្រឹមត្រូវ និងខ្វះអនាម័យ។

បន្ទាប់ពីបើកការត្រួតពិនិត្យរួចហើយ លោកព្រះរាជអាជ្ញារង ហេង ផេង បានតម្រូវឲ្យម្ចាស់ទីតាំងធ្វើការសម្រួលតាមបច្ចេកទេស និងអនាម័យត្រឹមត្រូវ និងតម្រូវឲ្យម្ចាស់ឈ្មោះ ងន សុគន្ធ មកសាកសួរបំភ្លឺបន្ថែមនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS