បណ្តាញសង្គម

ផ្សារច្បារអំពៅ ដែលត្រូវភ្លើងឆេះបំផ្លាញនោះ ត្រូវបានរៀបចំក្រុង​ពាលី ​បើក​ការដ្ឋាន​សាងសង់​ដំបូល​ឡើងវិញ នៅព្រឹកនេះ​

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នេះ រៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ដំបូលផ្សារច្បារអំពៅឡើងវិញ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

លោក គួច ចំណាន ប្រធានគណៈកម្មាការផ្សារ បានឲ្យដឹងថា ផ្សារច្បារអំពៅ ចំនួន៥៨៨តូប ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដែលមានរយៈពេលជាង១១ម៉ោង ទើបយើងពន្លត់បានទាំងស្រុង។ អគ្គិភ័យចាប់ផ្ដើមឆេះ នៅម៉ោងជាង១០យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ហើយនៅវេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែមីនា ទើបអគ្គិភ័យនេះរលត់ទាំងស្រុង។

សូមបញ្ជាក់ថា អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យលើកនេះ នាយនគរបាលប៉ុស្ដិ៍ច្បារអំពៅទី២ បានបញ្ជាក់ថា បណ្តាលមកឆ្លងចរន្តអគ្គិសនី (ទុស្សេ) ម្តុំតូបឈាងខាងកើតផ្សារ បង្កជាអណ្តាតភ្លើងឆេះតូបតគ្នាៗ ឡើងយ៉ាងសន្ធោសន្ធៅតែម្ដង។ នៅពេលកើតហេតុនោះ គេសង្កេតឃើញវត្តមានអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានចេញទៅជួយអន្តរាគមន៍ផ្ទាល់ផងដែរ។

អគ្គិភ័យដ៏កំណាច់នេះ បានបំផ្លាញតូបអស់ចំនួន៥៨៨តូប ក្នុងចំណោម១៤៤៧តូប ដែលគិតជាទឹកប្រាក់អស់ប្រមាណ៤លានដុល្លារអាមេរិក។ នេះបើតាមលោក គួច ចំណាន ប្រធានគណៈកម្មការធិកាផ្សារ។ លោក ចេង មុនីរ៉ា បានឲ្យដឹងថា ការសង់មាន២ដំណាក់កាល ប្រើរយៈពេល៣ខែ លើផ្ទៃដីជាង១ម៉ឺនម៉ែត្រការ៉េ។

លោកក៏សូមឲ្យបងប្អូនអាជីវករមានការយោគយល់ និងសូមចូលរួមទាំងអស់គ្នា ទើបការសាងសង់បានរួចរាល់តាមគម្រោង នៃការសាងសង់ដំបូលផ្សារនេះ។ ក្រោយពិធីសាសនាចប់ លោក ចេង មុនីរ៉ា បានរំលឹកដល់អាជីវករ កុំឲ្យមានការព្រួយបារម្ភ ចំពោះបញ្ហានេះ។

ដោយឡែក រដ្ឋបាលខណ្ឌច្បារអំពៅ រៀបចំឯកសារកាន់កាប់តូប ជូនបងប្អូនអាជីវករ ដោយឥតគិតថ្លៃ។ កាលពីថ្ងៃទី២០ ខែមីនា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រកាសថា នឹងធ្វើតាមសំណើរផ្សេងៗ របស់ក្រុមអាជីវកផ្សារច្បារអំពៅ ដែលរងគ្រោះដោយសារភ្លើងឆេះនាពេលកន្លងទៅ ហើយក៏មិនតម្រូវឲ្យអាជីវករបង់ប្រាក់ ចំពោះការជួសជុលផ្សារឡើងវិញឡើយ។

បើតាមអភិបាលរាជធានីភ្នំពេញ សំណើរបស់អាជីវករ ដែលស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យជួយសាងសង់ដំបូលរួម តាមរយៈរដ្ឋបាលរាជធានីនោះ គឺសម្តេចតេជោ ហ៊ុន សែន បានយល់ព្រម ដោយចាត់បញ្ជូនលោកផ្ទាល់ ដឹកនាំមន្ត្រីជំនាញ ចុះជួបក្រុមអាជីវករ និងប្រកាសជូនអាជីវករភ្លាមៗ បន្ទាប់ពីមានការឯកភាពពីសម្ដេចតេជោ។ អភិបាលរាជធានីភ្នំពេញ បានប្រកាសបន្ថែមថា ដំបូលរួមរបស់ផ្សារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជួយសាងសង់ទាំងស្រុង ចំណែកហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សាររដ្ឋបាលរាជធានី សាលាខណ្ឌច្បារអំពៅ ជាអ្នកជួយស្ថាបនា ហើយតូប គឺជាបន្ទុកអាជីវករធ្វើដោយខ្លួនឯង តាមទំហំដែលមានស្រាប់។

លោក ឃួង ស្រេង បានបញ្ជាក់នៅចំពោះមុខអាជីវករថា ការសាងសង់ផ្សារច្បារអំពៅឡើងវិញ គឺមិនឲ្យមានការដំឡើងចំនួនតូបឡើយ ហើយបើបងប្អូនទទួលបានព័ត៌មានថា មានការដំឡើងចំនួនតូបនោះ សូមរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរនឹងមានវិធានការភ្លាម។ ទោះបីជាយ៉ាងណាក្តីលោកបានសំណួមពរដល់បងប្អូនអាជីវករទាំងអស់ ជួយចូលរួមលើបញ្ហាអនាម័យបរិស្ថាន ក្នុងផ្សារឲ្យបានល្អ៕

ដកស្រង់ពី៖FRESH NEWS