បណ្តាញសង្គម

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ តាមដីការរបស់នគរបាលវៀតណាម ពីបទ​ «ប្លន់ រំលោភ សម្លាប់» នៅខេត្តចាវិញ

(ភ្នំពេញ)៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួន តាមដីការរបស់ នគរបាលប្រទេសវៀតណាម ពីបទ «ប្លន់ រំលោភ សម្លាប់» នៅខេត្តចាវិញ ប្រទេសវៀតណាម។

ការចុះឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះ បានធ្វើឡើងនៅត្រង់ចំនុច ខាងក្រោយវត្ត «ចំប៉ា» សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាម៉ោង ០៣៖២០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ។

បើតាមមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ គីម ថានហឹង ហៅតាយ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម។

មន្ដ្រីនគរបាលដដែលរូបនេះ បានបញ្ជាក់ថា ការចុះឃាត់ខ្លួន បុរសជនជាតិវៀតណាមនេះ គឺធ្វើតាមដីការរបស់នគរបាលប្រទេសវៀតណាម ពីបទ ប្លន់ រំលោភ សម្លាប់ (កើតហេតុថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តចាវិញ ប្រទេសវៀតណាម)។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS