បណ្តាញសង្គម

ពលរដ្ឋឃុំគីគរ ទីដែលរងគ្រោះដោយគ្រាប់បែកគីមីទម្លាក់ដោយអាមេរិក បន្តទទួលបានការព្យាបាលជំងឺ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង

(ស្វាយរៀង)៖ ប្រជាពលរដ្ឋក្នុងឃុំគគីរ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់អំពីសុខភាពជាទូទៅ។ ជាក់ស្តែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យ ព្យាបាលជំងឺ នៅបរិវេណវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងថា លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាន ណែនាំឲ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង យកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាតំបន់រងគ្រោះដោយសារគ្រាប់បែកគីមី ទម្លាក់ដោយសហរដ្ឋអាមេរិក។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងថា ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងក្រុមគ្រូទេព្យស្រុករមាសហែក បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋឃុំគគីរ ដោយមិនគិតថ្លៃ ចំនួន៣៦២នាក់។ ការពិនិត្យ និងព្យាបាលជំងឺនេះ មានការចូលរួមពីក្រុមគ្រូពេទ្យចំនួន៣៧នាក់។

ពិនិត្យ និងព្យាបាលជំងឺទូទៅ កុមារ ជំងឺរមាស់សើស្បែក ជំងឺភ្នែក។ល។ ចំពោះឱសថមួយចំនួន បានទទួលពីក្រសួងសុខាភិបាល និងមួយចំនួនទៀតទទួលបាន ពីការឧបត្ថម្ភរបស់លោកស្រីបណ្ឌិត ម៉ែន សំអន។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាលខេត្ត បានដាក់ផែនការចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ក្នុងមួយខែម្តង រហូតដល់មណ្ឌលសុខភាពគគីរ បានសាងសង់រួចរាល់ជាស្ថាពរ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ដោយសារឥទ្ធិពលសារធាតុគីមី បានបង្ខំឲ្យពលរដ្ឋឃុំគីគរ ត្រូវបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ បន្ទាប់ពីមានបញ្ហាសុខភាព ដោយសារថប់ដង្ហើម ក្តៅក្រហាយ និងរមាស់លើស្បែក នៅពេលដែលប្រជាពលរដ្ឋ កាយប៉ះរណ្តៅគ្រាប់បែកគីមីចំនួន២លើក។

*លើកទី១ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ និងលើកទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ សរុបទាំងពីរលើកចំនួន១៨នាក់ ដែលប៉ះពាល់ផ្ទាល់។ ក្រោយពីហេតុការណ៍ប៉ះពាល់ផ្ទាល់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧មក មានពលរដ្ឋឃុំគីគរចំនួន១៤១នាក់ បានទៅពិនិត្យសុខភាព និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងមន្ទីរពេទ្យបង្អែកស្រុករមាសហែក ក្នុងនោះ អ្នកជំងឺដែលសង្ស័យប៉ះពាល់ជាមួយសារធាតុគីមី មានចំនួន១០៩នាក់ និងអ្នកជំងឺដែលមិនប៉ះពាល់ជាមួយសារធាតុគីមីមានចំនួន៣២នាក់។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ដោយមានប្រជាពលរដ្ឋជាច្រើនទៀត រងផលប៉ះពាល់សារធាតុគីមីនេះ ហើយមិនបានមករកសេវាព្យាបាល ដោយសារតែមណ្ឌលសុខភាព និងមន្ទីរពេទ្យនៅឆ្ងាយ ទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលខេត្ត ចុះទៅពិនិត្យព្យាបាលដល់មូលដ្ឋានរបស់គាត់ផ្ទាល់។

ជាពិសេសទៅទៀត ដោយមានការគិតគូរ និងយកចិត្ដទុកដាក់ពីសំណាក់លោកស្រីបណ្ឌិត ម៉ែន សំអន និងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានកសាងមណ្ឌលសុខភាព១ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងឃុំគគីរនេះផងដែរ៕

ដកស្រង់ពី៖FRESH NEWS